ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមរយៈពេល២ថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់

ចែករំលែក៖

ខេត្តសៀមរាប៖ ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ បានអញ្ជើញមកទស្សនាកម្សាន្តរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅក្នុងខេត្ដសៀមរាបដែលជាកន្លែងដើរកម្សាន្ដថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម រយ:ពេល២ថ្ងៃមានចំនួនជាង៧ម៉ឺននាក់។

   មន្ទីរទេសចរណ៍ខេត្ដសៀមរាបបង្ហាញនៅក្នុងរបាយការណ៍ឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរអន្តរជាតិដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តនេះគិតចាប់ពីថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២,៩១៥នាក់ ក្នុងនោះទេសចរជាតិនិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានចំនួន ៦៤,០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារទៅកាន់រមណីយដ្ឋាននានា ក្នុងនោះ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៤២,៥០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ៥,៦០០នាក់។ តំបន់ទន្លេសាបមានចំនួនប្រមាណ ២,៥០០នាក់។ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត មានចំនួនប្រមាណ ១៣,៤០០នាក់។ ជាមួយនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុងចំនួន ៨,៩១៥នាក់ផងដែរ។

    អ្នកទេសចរមកកម្សាន្ដនៅប្រាសាទអង្គរ បានលើកឡើងថា ក្នុងរមណីយដ្ឋានអង្គរ ជាកន្លែងដើរកម្សាន្ដមុនគេ នៅពេលទៅដល់ខេត្ដសៀមរាប មិនថាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម ឬចូលឆ្នាំខ្មែរនោះទេ ព្រោះពួកគាត់ចង់ឃើញចង់ដឹងពីការកសាងអង្គរនៃបុព្វបុរស់ខ្មែរ ខណ:ដែលប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្ដឆ្ងាយៗមិនទាន់ស្គាល់ប្រាសាទអង្គរនៅឡើយទេនោះ។ 

    ភ្ញៀវទេសចរជាតិបានមានប្រសាសន៍ស្រដៀងគ្នាថា ការបានទៅទស្សនាប្រាសាទអង្គរដែលជាំកេរតំណែលវប្បធម៌ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យ គឺមិនអាចរំលងបានឡើយ មានប្រាសាទចំនួនបីដែលអ្នកទេសចរភាគច្រើនទៅកម្សាន្ត រួមមានប្រាសាទអង្គរវត្ដ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម…។ ពួកគាត់បានសម្ដែងមោទកភាពដែលបានទៅកម្សាន្ដនៅខេត្ដសៀមរាបហើយបានលើកឡើងថា ប្រាសាទអង្គរមានសោភណភាពស្រស់ស្អាតទាំងបរិស្ថាន អនាម័យ ជាពិសេសប្រាង្គប្រាសាទបុរាណ។

    របាយការណ៍របស់នាយកដ្ឋានទេសចរណ៍និងវប្បធម៌របស់អាជ្ញាធរជាតិអប្សរាបង្ហាញថា ក្នុងរយ:ពេល២ថ្ងៃមកនេះ មានទេសចរចំនួនជាង ២ម៉ឺននាក់ ទៅមកទស្សនាក្នុងតំបន់អង្គរ ថ្ងៃសែនចិន ទី២១ ខែមករា ឆ្នាំ២០២៣ នៅតាមប្រាសាទនីមួយៗ មានចំនួន៦,៤០២នាក់ ខណ:ដែលភ្ញៀវបរទេសទិញសំបុត្រចូលតំបន់អង្គរមាន ២,៨៧២នាក់។ នៅថ្ងៃចូលឆ្នាំចិនទី២២ ខែមករា ឆ្នាំ២០២៣ ភ្ញៀវខ្មែរចូលតាមប្រាសាទនីមួយៗសរុបមានចំនួន ១៩,៣៣៦នាក់ និងភ្ញៀវបរទេសទិញសំបុត្រចូលតំបន់អង្គរ មាន ៣,៦២០នាក់ ដែលសរុបទាំង២ថ្ងៃមាន ២២,៩៥៦នាក់៕

ដោយ៖ សហការី


ចែករំលែក៖