ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃនៅក្នុងរថយន្តបានសម្រេច តែត្រូវម្ចាស់គេទាន់ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង១៥នាទីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ចែម ស៊ីថា អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ដោយមានផ្ទុកសារធាតុញៀន) ។
រីឯជនរងគ្រោះមានឈ្មោះ យាង រ៉យ អាយុ ២៥ឆ្នាំមុខរបរបើកបររថយន្ត ស្នាក់នៅភូមិគិរីវង្ស ឃុំព្រែករំដេង ស្រុកគិរីវង្ស ខេត្តតាកែវ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តចេញពីម្ដុំផ្សារដេីមគហើយក៏បានឈប់នៅមុខគ្លីនិកឯកជនមួយកន្លែងនៅតាមផ្លូវ២១៧ ស្ថិតនៅភូមិកើតខាងលេី ហើយបានចុះពីរថយន្តដោយមិនបានយកទូរស័ព្ទដៃម៉ាកoppo ទៅជាមួយទេ និងមិនបានបិទកញ្ចក់រថយន្តទៀតផង។
ភ្លាមនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីសេ១២៥ មកពីក្រោយ ឃើញឱកាសល្អ ក៏ឈប់ម៉ូតូលូកយកទូរស័ព្ទដៃដែលទុកនៅលើតាប់ឡូរថយន្តបានសម្រេចបំណងជិះម៉ូតូគេចខ្លួនក៏ត្រូវជនរងគ្រោះឃើញក៏ស្រែកផ្អេីលឆោឡោលឺដល់កម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដែលកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏បានជួយអន្តរាគមន៍ដេញ ចាប់បានជនសង្ស័យភ្លាមៗយកទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ