ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបទៅនឹងគណនីឈ្មោះ Chhm Sokmeng Sell Stone

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងគណនីឈ្មោះ Chhm Sokmeng Sell Stone ដែលបានបង្ហោះវីដេអូ រូបភាព មានខ្លឹមសារថា៖ ជនរូបនេះមិនបានបំពេញតួនាទីបំរើពលរដ្ឋតាមជំនាញទេ #មេប៉ុស្តិ៍ឃុំព្រែកអញ្ចាញ (ឈ្មោះ សែម ដារ៉ារាជ) យកតួនាទីធ្វើបាបពលរដ្ឋ ជាក់ស្តែងរូបខ្ញុំផ្ទាល់ទៅធ្វើ#សៀវភៅគ្រួសារ#សៀវភៅស្នាក់នៅ #ឯកសារបញ្ជាក់ផ្សេងៗ គាត់មិនធ្វើអោយហើយយកទៅបោះចោល ធ្វើឱ្យខ្ញុំជួបបញ្ហាច្រើនហើយ។ ខ្ញុំមិនដឹងថាគាត់ធ្វើការបម្រើពលរដ្ឋឬគាត់ធ្វើការបម្រើបក្សពួកគាត់នោះទេ ទាំងសម្ដីគ្មានក្រមសីលធម៌ កាយវិការឈ្លើយផងដែរ។ និងមន្ត្រីនគរបាលនៅអធិការដ្ឋានប៉ុស្តិ៍ក្នុងរូបខាងក្រោមបានប្រើហិង្សាឆក់ទូរសព្ទដៃពីខ្ញុំជាស្ត្រីកូនខ្ចីនិងពីរកូនខ្ញុំដែលជាសិស្សសាលាពេលដែលពួកខ្ញុំទៅឲ្យគាត់ដោះស្រាយរឿងកំហុសពួកគាត់ ដែលធ្វើឲ្យខ្ញុំនិងកូនមានការភិតភ័យ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនក្នុងបណ្ដាញសង្គមហ្វេសប៊ុកជួយស៊ែរឱ្យបានដឹងដល់មេៗពួកគាត់ឲ្យចំណាត់ការទៅលើពួកគាត់ផង និងជួយឱ្យបានដឹងដល់(សម្តេច ស ខេង) បានជ្រាបនិងជួយដល់ប្រជាពលរដ្ឋដែលរងទុក្ខពីមន្ត្រីគ្រាប់ល្ពៅដូចពួកគាត់ផង ដើម្បីឲ្យពលរដ្ឋគ្រប់តំបន់ទូទាំងប្រទេសកុំឲ្យមន្ត្រីប្រភេទដូចពួកគាត់គាបសង្កត់បន្តទៀត។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖

លោកអធិការបានចាត់ឱ្យផ្នែកជំនាញអត្តសញ្ញាណកម្ម និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ស្រាវជ្រាវករណីនេះបានឱ្យដឹងថា៖

***រូបភាពវីដេអូ និងការចោទប្រកាន់របស់លោកស្រី ឈឿន ម៉ានី មកលើមន្ត្រីនគរបាលមិនមែនជាការពិតព្រោះ ៖

-នៅថ្ងៃទី ០៣.០២.២០២៣ វេលាម៉ោង០៨និង០០នាទី លោកស្រី ឈឿន ម៉ានី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បានមកសុំធ្វើសៀវភៅគ្រួសារថ្មី និងសុំកែតម្រូវឈ្មោះកូនរបស់គាត់ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល មុនពេលមកធ្វើនោះគាត់បានទំនាក់ទំនងតាមរយៈទូរស័ព្ទសួរនាំទៅលោកវរសេនីយ៍ត្រី សេក ហួត នាយផ្នែកអត្តសញ្ញាណកម្ម ពេលនោះលោក សេក ហួត បានពន្យល់ប្រាប់គាត់ថា បើខុសនាមត្រកូលអញ្ចឹង ពួកខ្ញុំកែតម្រូវជូនវិញបាន តែត្រូវធ្វើសេចក្តីចម្លងសំបុត្រកំណើត និងបញ្ជាក់សៀវភៅស្នាក់នៅ នៅច្រកចេញ-ចូលតែមួយ ដើម្បីភ្ជាប់ឯកសារកែតម្រូវជូនវិញ ពេលនោះគាត់ក៏បានយល់ព្រម។ 

ដោយកាលពីថ្ងៃទី០២.០២.២០២៣ កូនគាត់ឈ្មោះ ឈាវ សុខម៉េង បានមកសុំកែតម្រូវអត្តសញ្ញាណប័ណ្ណ តែឯកសារគាត់មិនគ្រប់គ្រាន់លោក សេក ហួត បានប្រាប់ឱ្យកូនគាត់ទៅធ្វើការបញ្ជាក់សៀវភៅស្នាក់នៅ នៅច្រកចេញចូលតែមួយខាងរដ្ឋបាលស្រុក។ លុះដល់ថ្ងៃទី០៣.០២.២០២៣ នោះ លោកស្រី ឈឿន ម៉ានី បានមកដល់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ហើយបានមកជួបលោកអនុសេនីយ៍ឯក ស្ងួន ចន្ថា នាយរងផ្នែកអត្តសញ្ញាណកម្ម ដែលកំពុងថតអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ពេលនោះលោកស្រី ឈឿន ម៉ានី បានសួរ លោក ស្ងួន ចន្ថា ថា៖ ពូ ហួតនៅអត់ លោក ស្ងួន ចន្ថា បានប្រាប់ទៅលោកស្រីឈឿន ម៉ានី ថា៖ បងហួតឡើងទៅស្នងការដ្ឋាននគរបាលខេត្តហើយ។ ភ្លាមនោះគាត់ក៏បានសួរ ដោយភាពខឹងសម្បារ និងប្រើពាក្យសម្ដីមិនសមរម្យមើលងាយមន្ត្រីនគរបាលថា “មិនចេះអក្សរខ្មែរឬបានជាធ្វើអត្តសញ្ញាណប័ណ្ណឱ្យកូនប្រុសគាត់ខុសឈ្មោះ”។ ដោយឃើញលោកស្រី ឈឿន ម៉ានី និយាយមើលងាយបែបនេះទើប លោកវរសេនីយ៍ត្រី តេក តារា បានទៅសម្របសម្រួលកុំឱ្យនិយាយមើលងាយមន្ត្រីនគរបាលបែបនេះ ព្រោះអត្តសញ្ញាណប័ណ្ណខុសអាចកែតម្រូវវិញបាន តែគាត់មិនស្ដាប់ ថែមទាំងដៀលខ្មេះមកលើមន្ត្រីនគរបាលយើងថែមទៀត។

-ចំពោះករណីដែលថា លោកវរសេនីយ៍ត្រី សែម តារ៉ារាជ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ យកឯកសារបោះចោលមិនធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅនោះមិនមែនជាការពិតទេ ព្រោះលោកស្រី ឈឿន ម៉ានី មានគ្រួសារពីរលើក ដោយប្ដីទី១ឈ្មោះ ឈាវ ហេង បានលែងលះគ្នាមានសាលក្រមលេខ៖ ២៣(ង)ប្រកាសសាលក្រមថ្ងៃទី១៨.០៣.២០១៦ និងសម្រេចឱ្យឈ្មោះ ឈាវ ហេង ជាអ្នកមានអំណាចមេបាលើកូនឈ្មោះ ឈាង សុខម៉េង (ឈាវ សុខម៉េង) ឯលោកស្រី ឈឿន ម៉ានី ជាអ្នកមានអំណាចមេបាលើកូនឈ្មោះ ឈាង សុខមួយ (ឈាវ សុខមួយ) ដោយមានសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសាររួចហើយ។ ក្រោយពីលោកស្រី ឈឿន ម៉ានី បានរៀបការប្ដីលើកទី២ ឈ្មោះ ពេញ សង្ហា មានកូនស្រីម្នាក់ឈ្មោះសង្ហា សុខឆេង និងមានសៀវភៅគ្រួសារលេខ០០០៤០១ម.ព ចុះថ្ងៃទី២៩.១២.២០២១។ លុះនៅថ្ងៃទី១០.០១.២០២៣ លោកស្រី ឈឿន ម៉ានី បានស្នើសុំធ្វើសៀវភៅគ្រួសារមួយទៀត ដោយដាក់ឈ្មោះខ្លួនជាមេគ្រួសារជាមួយកូន០២នាក់របស់កូនប្ដីដើម (ឈាវ សុខម៉េង និងឈាវ សុខមួយ) ពេលស្នើសុំធ្វើសៀវភៅគ្រួសារនោះឈ្មោះ ឈឿន ម៉ានី មិនបានយកលិខិតស្នាមណាមួយបញ្ជាក់ពីសិទ្ធិជាអ្នកមានអំណាចមេបាលើកូនឈ្មោះ ឈាវ សុខម៉េង ឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕

ដោយ ៖ សហការី


ចែករំលែក៖