ខេត្តពោធិ៍សាត់៖ រហូតមកដល់ពេលនេះករណីសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង បានដួលសន្លប់ក្នុងម៉ោងសិក្សាជាបន្ត បន្ទាប់ ក្នុងរយៈពេល០៣ថ្ងៃកន្លងមកនោះ នៅពុំដឹងពីមូលហេតុនៅឡើយទេ។
ករណីនេះបានកើតឡើងតាំងពីថ្ងៃទី៣ខែកុម្ភៈរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ដែលចំនួន៣លើក សរុបចំនួន៨២នាក់ដោយ៖
-លើកទី១នៅថ្ងៃទី៣ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៣នាក់ ។
-លើកទី២នៅថ្ងៃទី៤ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៨នាក់ ។
-លើកទី៣នៅថ្ងៃទី៥ ខែកុម្ភៈ មានសិស្សដួលសន្លប់ចំនួន៥១នាក់ ក្នុងនោះសិស្សប្រុស០១ម្នាក់ ។
នេះបើយោងតាមរបាយការណ៍ជាតួលេខដែលទទួលបានពីរដ្ឋបាលស្រុកវាលវែង ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកវាលវែងលោក ទី ថានី រួមនិងអាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធបានចុះស្រាវជ្រាវរកមូលហេតុ និងអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដល់ទីតាំងកើតហេតុ ហើយបញ្ជូនសិស្សរងគ្រោះមកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសម្រាប់អ្នកមានសភាពធ្ងន់ធ្ងរ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងនៅថ្ងៃទី ៦ ខែ កុម្ភៈ ២០២៣នេះថា បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺនៅតែថា ប្អូនៗសិស្សសាលាវិទ្យាល័យហ៊ុនសែនប្រម៉ោយដែលបានដួលសន្លប់ខាងលើអាចបណ្តាលមកពីការខ្វះអាហាររូបត្ថម្ភដោយសារការហូបមិនបានគ្រប់គ្រាន់ទើបបណ្តាលឱ្យកើតមានករណីខាងលើនេះ ។
តាមអបិយជំនឿបានបន់ស្រន់តាមបែបប្រពៃណីសាសនានៅក្នុងបរិវេណសាលាខាងលើដែលធ្វើឲ្យមានការភ័យខ្លាចស្លន់ស្លោដួលជាបន្តបន្ទាប់។ តែទោះជាយ៉ាងណានៅថ្ងៃសុក្រខាងមុខនេះ ទាំងក្រុម ការងារចុះស្រុកវាលវែងរួមនឹងនាយកសាលាលោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សទាំងអស់នឹងធ្វើពិធីសែន ព្រេនតាមបែបព្រហ្មញ្ញសាសនាដោយមានលេងភ្លេងពិណពាព្យជាថ្មីម្តងទៀតដើម្បីសុំសេចក្តីសុខកុំឱ្យកើត មានបែបនេះទៀត ដល់ប្អូនៗដែលជាសិស្សសាលាវិទ្យាល័យប្រម៉ោយ។
ចំពោះសិស្សរងគ្រោះគឺមានអាយុ ចាប់ពី ១៣ឆ្នាំ ដល់ ១៩ឆ្នាំ ហើយរោគសញ្ញាដែលសង្កេតឃើញពេលបញ្ជូនមកមណ្ឌលសុខភាពនិងមន្ទីរពេទ្យខេត្ត រួមមាន៖ -ឈឺ ក្បាលវិលមុខ -ត្រជាក់ចុងដៃចុងជើង -ថប់ៗដង្ហើម -សន្លប់ -ហ៊ឹងត្រចៀក -សម្ពាធឈមប្រហាក់ប្រហែលធម្មតានិងមិនមានរោគសញ្ញាទាក់ទងនិងជំងឺប្រចាំកាយគួរឱ្យកត់សម្គាល់នោះទេ ។ ចំពោះសិស្សដែលមាន សភាពល្អប្រសើរវិញក្រោយសម្រាកព្យាបាលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ។
ក្នុងនោះដែរវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ត្រូវបានដាក់ឱ្យឈប់សម្រាក រយៈពេល៣ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ កុម្ភៈ រង់ចាំស្ថានការណ៍ប្រក្រតីឡើងវិញ ។
រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សិស្សភាគច្រើនត្រូវបានជួយសង្គ្រោះដោយពុំមានប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយនៅមានសិស្សរងគ្រោះចំនួន០៨នាក់កំពុងសម្រាកព្យាបាលនៅឡើយ។ ក្នុងនោះសិស្សចំនួន០៣នាក់មានសភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្រុងពោធិ៍សាត់ និងសិស្ស០៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ក្នុងស្រុកវាលវែង ចាប់ផ្តើមធូរស្រាលជាបណ្តើរៗហើយ ៕
ដោយ៖ សូរិយា