ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន ៖​ ដោយមើលឃើញនូវការលំបាករ​បស់បងប្អូនកីឡាករកីឡាការិនី​ សម្ដេចបានពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល​ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល​ដល់ពួកគាត់

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​របស់​សម្ដេច​យ៉ាងដូច្នេះ​ថា៖​ បងប្អូនកីឡាករកីឡាការិនី!​ កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ​ និងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។

ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះខ្ញុំ​ បានពិភាក្សាជាមួយលោក​ ម៉ម ប៊ុនហេង​ និងលោកស្រី​ យក់ សម្បត្តិ​ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ។

ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់​ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។​ សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។​ សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕

ដោយ​៖ស​ តារា​


ចែករំលែក៖