ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៣នេះបានឲ្យដឹងថា សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានបទល្មើស២១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៧៤នាក់ ស្រី ២៨នាក់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ដែលប្រារពធ្វើ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជ្ញាអមសាលាដំបូងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិ៍រដ្ឋបាលទាំង២៩។
លោកអភិបាលខេត្តព្រះសីហនុបានឲ្យដឹងថាបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តបង្ក្រាបបានចំនួន ២១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៧៤នាក់ ស្រី ២៨នាក់ ក្នុងនោះក៏មានជនបរទេសដូចជា (ចិន វៀតណាម ថៃ និងម៉ាឡេស៊ី)។ ដោយឡែកកងរាជអាវុធហត្ថខេត្តបង្ក្រាបបានចំនួន ៨៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៣២នាក់ ស្រី ៣៧នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន កងកម្លាំងរបស់យើងក៏បានធ្វើការបង្ក្រាបបានពីរករណីធំៗ ដកហូតគ្រឿងញៀនបានជាង ២តោន។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅខេត្តព្រះសីហនុ ដោយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នៃកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ប្រកបដោយការទទួលខុសត្រូវ។ បច្ចុប្បន្នពិភពលោកទាំងមូល ក៏ដូចព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ហើយការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បរិមាណសារធាតុញៀនយ៉ាងច្រើនសន្លឹកសន្ធាប់ត្រូវបានដកហូត។ ផ្ទុយទៅវិញស្ថានភាពរួម នៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មិនត្រឹមតែគ្មានសញ្ញាណថយចុះប៉ុណ្ណោះទេ គឺថែមទាំងមានកំណើនកាន់តែខ្លាំង។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងកិច្ចសហការបង្ក្រាបគ្រឿងញៀននៅឆ្នាំ២០២២ មានករណីធំៗចំនួនពីរ ដែលកងកម្លាំងរបស់យើងធ្វើការស្រាវជ្រាវ នឹងបង្ក្រាបបានគ្រឿងញៀនជាងពីរតោន នេះជាមោទនភាពសម្រាប់កម្លាំងសមត្ថកិច្ចរបស់យើងក្នុងការយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាបគ្រឿងញៀនខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្នុងនោះករណីបង្ក្រាបធំរបស់កម្លាំងស្នងការនគរបាលខេត្ត ១ករណី ដកហូតថ្នាំញឿនបានចំនួន ៨៧១គីឡូក្រាម ដោយឡែកកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប ១ករណី ដកហូតបានថ្នាំញឿន ១ ១៣៣គីឡូក្រាម។ នេះជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានដែលពួកឧក្រិដ្ឋជនបានធ្វើការនាំចូលមកកាន់ខេត្តព្រះសីហនុ។ ទន្ទឹមនោះកងកម្លាំងប្រដាប់អាវុធរបស់យើងបានធ្វើការស្រាវជ្រាវដកហូតបានគ្រឿងញៀនជាច្រើនគីឡូក្រាម និងជាច្រើនករណី នេះជាលទ្ធផល នៃការបង្ក្រាបបាននៅក្នុងដែនសមត្ថកិច្ច នៃខេត្តព្រះសីហនុ មានបរិមាណគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់អាចស្ថិតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រក្នុងកិច្ចប្រតិបត្តិការរបស់យើងដែលមិនធ្លាប់ជួប ហើយក៏គ្មានរាជធានី ខេត្ត ណាមួយដែលបង្ក្រាបបានច្រើនដូច្នេះដែរ។ ការបង្ក្រាបដកហូតបានច្រើនបែបនេះ វាមិនកើតនៅក្នុងខេត្តព្រះសីហនុរបស់យើងទេ វាអាចនាំឆ្លងមកពីបណ្តាប្រទេស និងនាំមកពីបណ្តាខេត្តផ្សេងក៏យើងមិនដឹង ហើយនេះជាមោទនភាព ប្រសិនបើយើងបង្ក្រាបមិនបាននោះទេ តើថ្នាំញឿននេះ វានឹងរាយប៉ាយដល់មនុស្សប៉ុន្មានសិបម៉ឺននាក់ទៀត ដែលអាចរងគ្រោះនិងឥទ្ធិពលគ្រឿងញៀនជាក់ជាមិនខាន។ តាមព័ត៌មានដែលយើងបង្ក្រាបបានករណីធំទាំងពីរខាងលើ សុទ្ធតែជាគោលដៅធ្វើការនាំចេញទៅក្រៅប្រទេស មកដល់ពេលនេះការចែកចាយ ការដឹកជញ្ជូនឆ្លងដែន ការផលិត វាបានឆ្លងកាត់ខេត្តរបស់យើង ហើយថ្មីៗនេះកងរាជអាវុធហត្ថចាប់ បានម៉ាស៊ីនផលិតគ្រឿងញៀន ២គ្រឿងផងដែរ ដោយសារប៉ុន្មានឆ្នាំមុនយើងជាខេត្តឆ្លងកាត់ និងមានការប្រើប្រាស់ខ្លះ។
លោកអភិបាលខេត្ត បន្តថា នៅមានបញ្ហាប្រឈមកាន់តែច្រើន ដែលទាមទារឱ្យយើងត្រូវបង្កើនការរួមគ្នាបង្ការ ទប់ស្កាត់ និងធ្វើការដោះស្រាយបង្កា បង្ក្រាបឱ្យបានទាន់ពេលវេលា ដោយមានការសម្របសម្រួលពីស្ថាប័នអាយការតុលាកាខេត្តព្រះសីហនុ។ យើងជាមន្ត្រីសមត្ថកិច្ចត្រូវជម្រុញការចូលរួមផ្សព្វផ្សាយអប់រំ ដោយផ្តោតសំខាន់លើការគោរពច្បាប់ចរាចរណ៍ គ្រឿងញៀនខុសច្បាប់ និងអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕
ដោយ៖ចន្ទ លីហ្សា