ព័ត៌មានទាន់ហេតុការណ៍៖

គ្រប់កីឡាករ កីឡាការិនីទាំងអស់ទៅ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ តេជោសន្តិភាព ដោយគ្មានគិតប្រាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រប់កីឡាករ កីឡាការិនីទាំងអស់ទៅ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ តេជោសន្តិភាព ដោយគ្មានគិតប្រាក់ ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានកិត្តិយសសូមជូនដំណឹងដល់គ្រប់ សហព័ន្ធកីឡាជាតិ កីឡាករ កីឡាកាវិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ ឱ្យបានជ្រាបថា យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា និងដោយមានការទទួលអនុវត្តប្រកបដោយស្មារតីយកចិត្តដាក់ខ្ពស់ពីក្រសួងសុខាភិបាល ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ គ្រប់កីឡាករ កីឡាការិនី ឬ អ្នកហាត់លេងកីឡាទាំងអស់ ដែលធ្វើសកម្មភាពអប់រំកាយ និងកីឡាគ្រប់ប្រភេទ ហើយមានបញ្ហាសុខភាពក៏ដូចជា មានគ្រោះថ្នាក់ និងរងរបួសផ្សេងៗ សូមអញ្ជើញទៅ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ តេជោសន្តិភាព (ដែលមានអាសយដ្ឋាន នៅភូមិបឹងតាមោក ក្នុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ) ដោយមិនយកកម្រៃលើសេវាពិនិត្យ និងព្យាបាលឡើយ។

អាស្រ័យហេតុនេះ សូម សហព័ន្ធកីឡាជាតិ និងកីឡាករ កីឡាការិនីទាំងអស់ ព្រមទាំងយុវជន ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធសកម្មភាពកីឡា មេត្តាជ្រាប និងអញ្ជើញទៅទទួលសេវាពិនិត្យ ថែទាំ និងព្យាបាល សុខភាព តាមសេចក្តីត្រូវការ៕

ដោយ ៖ សហការី


ចែករំលែក៖