ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបេីករថយន្ត BMW រេចង្កូតបុកបង្គោលសុវត្ថិភាពបណ្ដាលឱ្យអ្នកជិះជាជនជាតិចិនម្នាក់ខ្ទាតចេញពីរថយន្តស្លាប់

ចែករំលែក៖

ខេត្តព្រះសីហន ៖ សមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោងជិត១១យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងលើផ្លូវល្បឿនលឿន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៦-៩៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

ហេតុការណ៍នេះកើតឡើងដោយរថយន្ត១គ្រឿងម៉ាក BMW ពាក់ផ្លាកលេខ ភ្នំពេញ 2BE 6806  អ្នកបើកបរភេទប្រុស ជនជាតិចិន មិនទាន់ស្គាល់ឈ្មោះ និងមានអ្នករួមដំណើរជាមួយចំនួន០៤នាក់ប្រុសជាជនជាតិចិនដូចគ្នាមិនស្គាល់ឈ្មោះ។ បើកក្នុងទិសដៅពីព្រះសីហនុឆ្ពោះទៅភ្នំពេញ។ លុះដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅខាងស្តាំដៃបុកប៉ះបង្គោលសុវត្ថិភាព ហើយជ្រុលទៅបុកនិងគំនរដីចិញ្ចើមផ្លូវថែមទៀតបណ្តាលឲ្យអ្នករួមដំណើរ ម្នាក់ជាជនជាតិចិនធ្លាក់ចេញពីរថយន្តហើយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរជាមួយ០៣នាក់ទៀតរងរបួសមិនធ្ងន់ធ្ងរទេ។

បច្ចុប្បន្ន​ សមត្ថកិច្ចជំនាញបន្តដោះស្រាយតាមនីតិវិធី ចំពោះវត្ថុតាងរថយន្ត១គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕

ដោយ៖ សូរិយា


ចែករំលែក៖