ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៨ ខែមីនា ឆ្នាំ២០២៣នេះថា៖ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត២៩ម៉ឺននាក់ នាចុងខែកុម្ភៈ និងដើមខែមីនានេះ!
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ចុងប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២៨៩,២០៨នាក់ ក្នុងនោះភ្ញៀវជាតិ២៣៨,១៩១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥១,០១៧នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦៩,៩៤៩នាក់
* ខេត្តសៀមរាប ៤០,១២០នាក់
* រាជធានីភ្នំពេញ ៣៩,១៤៣នាក់
* ខេត្តកំពត ២៦,២៦២នាក់
* ខេត្តបាត់ដំបង ២០,៩២០នាក់
* ខេត្តកំពង់ចាម ១៤,៣៦៤នាក់
* ខេត្តពោធិ៍សាត់ ១០,៨៥២នាក់។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកសម្រាប់សប្តាហ៍ដំបូងនៃខែមីនានេះ បន្តស្ថិតក្នុងរង្វង់ជិត ៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា គោលដៅទេសចរណ៍សំខាន់ដូចជាខេត្តសៀមរាប កំណើនភ្ញៀវទេសចរក្នុងស្រុក និងលំហូរចូលជាបន្តបន្ទាប់នៃចរន្តភ្ញៀវទេសចរអន្តរជាតិបាននិងកំពុងចូលរួមធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គម ពិសេសមូលដ្ឋានអាជីវម្មទេសចរណ៍មានសកម្មភាពច្រើនជាងមុន។
សូមជម្រាបថា សម្រាប់ជើងហោះហើរឡើងវិញលើកទី១ ពីសៀងហៃ-សៀមរាប កាលពីយប់ថ្ងៃទី៣ ខែមីនាថ្មីៗនេះ ក៏បានចាប់ផ្តើមដែលមានទេសចរចិន១២០នាក់ផងដែរ។
គួរបញ្ជាក់ថា ក្រុមការងារក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងគណៈកម្មការអន្តរក្រសួងបាននិងកំពុងដុតដៃដុតជើងក្នុងការរៀបចំពិធីបុណ្យទន្លេ ដែលនឹងប្រារព្វឡើងចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣នេះ បាននិងកំពុងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងស្រុកជាបណ្តើរៗផងដែរ៕
ដោយ៖សហការី