ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យ មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា រៀន វិបស្សនា ឆ្លុះកញ្ចក់ ដុសក្អែលមើល ខ្លួនឯងឲ្យ បានល្អ ដើម្បីបំរើផល ប្រយោជន៍ប្រជាពលរដ្ឋ បើប្រជាពល រដ្ឋគោរព ស្រលាញ់យើង នោះពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនឲ្យ បំរើពួកគាត់បន្តទៀតហើយ។ បន្ថែមពីនេះ លោកបណ្ឌិត ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះតេលេក្រាម ដែលបានបន្លំប្រើប្រាស់ឈ្មោះ និងរូបរបស់លោក ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងអាក្រក់ផ្សេងៗទៀត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវបែបនេះ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពសុគន្ធារី នៅវត្តធម្មវិបស្សនារាម ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកបណ្ឌិត បានមានប្រសាសន៍លើកឡើងថា៖ កន្លងមកនេះ មានករណីជនបោកប្រាស់បានបង្កេីតគណនីតេលេក្រាមដោយបន្លំប្រេីប្រាស់រូបភាព និងឈ្មោះឯកឧត្តមបណ្ឌិត ដេីម្បីផ្ញេីសារ ក្នុងគោលដៅបោកប្រាស់ ឬគោលបំណងផ្សេងៗ។ សូមបងប្អូន ពូមីង តាយាយមេត្តាជ្រាប និងប្រុងប្រយ័ត្នខ្ពស់បំផុត និងកុំចាញ់តាមការបោកប្រាស់របស់ក្រុមទាំងនេះ នាំឲ្យមានការខាតបង់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិជាដេីម ។
លោកបណ្ឌិត បានមានប្រសាសន៍ទៀតថា ៖ ក្នុងខណ្ឌកំបូលនេះពីមុនជាវាលស្រែ ដែលទាហានអាចលោតឆ័ត្រយោងបាន តែពេលនេះ មានការអភិវឌ្ឍរីកចំរើនខ្លាំង ទាំងអាណាចក្រនិងពុទ្ធចក្រ។ ជាក់ស្តែងនៅពេលនេះ នៅវត្តធម្មវិបស្សនារាម( ហៅវត្ដតាភេមនេះ )មានការអភិវឌ្ឍរីកចំរើន តាមរយៈការកសាងសមិទ្ធផលជាច្រើន ដែលកើតចេញពីសទ្ធាជ្រះថ្លា ពីសប្បុរសជននានា ដែលបានរួមគ្នា។ នេះជាវប្បធម៌ចែករំលែក ក្រោមតំបូលសន្តិភាព ។ បើគ្មានសន្តិភាព បើគ្មានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩បានល្អទេ យើងមិនអាចឈរនៅទីនេះ ជួបគ្នានៅទីនេះបាននោះទេ។ នេះគឺបានមកពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំអោយមន្ត្រីរបស់គណបក្សប្រជាជ នកម្ពុជា រៀនធម្មវិបស្សនា មើល ខ្លួនឯង ដោយឆ្លុះកញ្ចក់ ដុសក្អែលខ្លួនឯង ដើម្បីបំរើប្រជាពលរដ្ឋអោយបានល្អ ។ បើប្រជាពលរដ្ឋគោរព ស្រលាញ់ នោះពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនអោយបំរើពួកគាត់បន្តទៀតហើយ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើង ពីប្រវត្តិនៃការកកើតវត្តធម្មវិបស្សនារាម ដែលវត្តនេះមានអាយុកាលចំនួន១៩៣ឆ្នាំមកហើយ ដោយឆ្លងកាត់ព្រះចៅអធិការវត្តចំនួន ១៣អង្គ។ ចំពោះសមិទ្ធផលនានាដែល ត្រូវសម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះ មានដូចជាកុដិ សាលា បុណ្យ ផ្លូវបេតុង បង្គោលភ្លើង បន្ទប់ទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលសរុបជាថវិកា មានចំនួន១០៤៨០០០ដុល្លារអាមេរិក ដើម្បីទុកជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ។
លោក ឃួង ស្រេង បានបន្តទៀតថា សមិទ្ធផលទាំងនេះពិតជាបានកើតឡើងពី ប្រទេសជាតិមានសន្តិភាពពេញលេញ ដែលរកបានមកដោយលំបាករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈគោល នយោបាយឈ្នះឈ្នះ ។ សន្តិភាព មានតម្លៃមិនអាខកាត់ថ្លៃបាន ។
លោកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឃរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ ។ លោកបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រយ៉ាងពេញទំហឹងផងដែរ ចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សំរិត