ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៅរុស្ស៊ី នាយករដ្ឋមន្ត្រីជប៉ុនទៅអ៊ុយក្រែន ដ៏គួរឲ្យភ្ញាក់ផ្អើលនៅអ៊ុយក្រែន

ចែករំលែក៖

មន្ត្រីជប៉ុនបាននិយាយថា នាយករដ្ឋមន្ត្រី Fumio Kishida កំពុងធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយប្រធានាធិបតី Volodymyr Zelensky ។
សារព័ត៌មាន NHK បានផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Kiev កាលពីថ្ងៃទី ២១ ខែមីនា ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីជប៉ុនបានទៅទស្សនកិច្ចប្រទេស ឬតំបន់ដែលហែកហួរដោយសង្រ្គាមចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
ក្រសួងការបរទេសជប៉ុនបាននិយាយថា លោក Zelensky បានអញ្ជើញលោក Kishida ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាំងពីខែមករាមក។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមានការរឹតបន្តឹងនៃរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេសជប៉ុន ដំណើរទស្សនកិច្ចដោយមិនប្រកាសរបស់លោក Kishida ត្រូវបានរៀបចំដោយសម្ងាត់។
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកស្រី Emine Dzheppa បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានមកដល់រដ្ឋធានីអ៊ុយក្រែន ជាផ្នែកនៃ “ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ” ។ លោកស្រី Emine បានចែករំលែកនៅលើ Twitter ថា “អ៊ុយក្រែនមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ។ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះគឺជាសញ្ញានៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអ៊ុយក្រែន និងជប៉ុន”
ក្រសួងការបរទេសជប៉ុនបាននិយាយថា លោក Kishida នឹងបង្ហាញការគោរពចំពោះភាពក្លាហាន និងភាពអត់ធ្មត់របស់ប្រជាជនអ៊ុយក្រែន ដែលក្រោកឈរឡើងដើម្បីការពារមាតុភូមិរបស់ពួកគេ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Zelensky ហើយថែមទាំងបានសម្តែងនូវសាមគ្គីភាព និងការគាំទ្រឥតឈប់ឈរសម្រាប់អ៊ុយក្រែន ក្នុងឋានៈជាប្រមុខ និងជាប្រធាននៃក្រុមសេដ្ឋកិច្ចឈានមុខគេទាំង៧ (G7)។ កាលពីមួយខែមុន ប្រធានាធិបតីអាមេរិក Joe Biden ក៏បានទៅទីក្រុង Kiev ដើម្បីជួបប្រធានាធិបតី Zelensky៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TWITTER


ចែករំលែក៖