ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ ដែលទើបទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់នូវទិដ្ឋាការអេឡិចត្រូនិចរបស់ប្រទេសជប៉ុន សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលមានបំណងធ្វើដំណើរទៅប្រទេសជប៉ុនក្នុងរយៈពេល ៩០ថ្ងៃ។
យោងលិខិតលេខ ១១១/AJ/Con ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងដីកាបញ្ជូនលេខ ៤៥៦ កបទ.សអ/ ច្បក៦ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនសមាគម ទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ និងសាធារណជនទូទៅឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុននឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិច (JAPAN E-VISA System) សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅទស្សនាប្រទេសជប៉ុនក្នុងរយៈពេលមិនលើសពី ៩០ថ្ងៃ។
ទទួលបានសេចក្តីជូនដំណឹងនេះសូមសមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយសំដៅទាក់ទាញលំហូរទេសចរទៅវិញទៅមករវាងបទេស កម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែច្រើនឡើងថែមទៀត៕
ដោយ៖ សហការី