ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់សង្ស័យប្តីបង្រៀនឱ្យចេះបើកបរបានបុករះបណ្ដាលឱ្យស្លាប់ស្ត្រីម្នាក់និងរបួសធ្ងន់ស្រាល៧នាក់នៅស្រុកអូរជ្រៅ

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ត្រូវបានប្តីបង្រៀនឱ្យចេះបើកបរបានបុករះនៅមុខផ្សារគុត្តសតក្នុងបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់និងរបួសធ្ងន់ស្រាល៧នាក់កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលំស្ថិតភូមិគុត្តសតក្នុង ឃុំគុត្តសត ស្រុកអូរជ្រៅ ។

    មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា៖  ជនរងគ្រោះដែលស្លាប់និងរបួសទាំង៧នាក់នោះមាន ១.ឈ្មោះ សាប់ និន ភេទស្រី អាយុ៥៨ឆ្នាំ(ស្លាប់)២.ឈ្មោះ ដួង ផានី ភេទស្រី អាយុ៤០ឆ្នាំ(របួសធ្ងន់) ៣.ឈ្មោះ ដួង វាសនា ភេទប្រុសអាយុ៤១ឆ្នាំ ៤.ឈ្មោះ រី រ័ត្ន ភេទស្រីអាយុ២៦ឆ្នាំ(របួសស្រាល) ៥.ឈ្មោះ ឃឹម សុឃួន ភេទស្រីអាយុ៤៣ឆ្នាំ(របួសស្រាល) ៦.ឈ្មោះ គុជ សៀវអុី ភេទស្រី អាយុ២ឆ្នាំ(របួសធ្ងន់) ៧.ឈ្មោះ ង៉ិ ចាន់រះ ភេទស្រី អាយុ១០ឆ្នាំ(របួសស្រាល) ៨.ឈ្មោះ ង៉ា ពឹមខៀង ភេទស្រីអាយុ៤ឆ្នាំ(របួសស្រាល)ដែលរស់នៅភូមិគុត្តសតក្នុង ឃុំគុត្តសត ស្រុកអូរជ្រៅ។

នគរបាលអូរជ្រៅបញ្ជាក់ថា៖ មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាកឡិចស៊ីRX.300 ពាក់ផ្លាកលេខសៀមរាប2C-0898 ដែលបើកបរដោយស្រ្តិម្នាក់និងបុរសម្នាក់រួមដំណើរជាមួយគ្នាទំនងប្តីជាអ្នកបង្រៀនប្រពន្ធបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតបុករះនៅមុខផ្សារខាងលិចចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់នៅនឹងកន្លែង ហើយរបួសធ្ងន់ស្រាលចំនួន៧នាក់និងចូលក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយមុខផ្សារ។ភ្លាមៗនោះជនរងគ្រោះត្រូវសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយអ្នកបើកបរ២នាក់ប្តីប្រពន្ធបានបើកទ្វាររត់គេចខ្លួនបាត់។

    មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា  ក្រោយចុះពិនិត្យនិងវាស់វែងគ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបរខាងលើគឺមកពីបើកបរជាន់ហ្គារថាហ្វ្រាំងបណ្តាលឱ្យបុករះស្លាប់ស្ត្រីម្នាក់នៅនឹងកន្លែងនិងរបួសធ្ងន់ស្រាល់ចំនួន៧នាក់កំពុងសង្គ្រោះ។  ក្រោយពិនិត្យវាស់វែងហើយសាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូជនរងគ្រោះចំនួន២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីអនុវត្តតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖