ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសពន្លះម៉ូតូម៉ាកMដាច់ជាពីរធ្វើឱ្យម្ចាស់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្មករសំណង់ម្នាក់សង្ស័យរថយន្តព្រូសបុកបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង៩យប់ថ្ងៃទី០៥ ខែមេសាឆ្នាំ២០២៣នៅចម្ងាយប្រមាណជាង២៥០ម៉ែត្រពីទីតាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតាមបណ្ដោយផ្លូវជាតិលេខ៥ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

សាច់ញាតិសពជនរងគ្រោះប្រាប់ថា ជនរងគ្រោះជាកម្មករសំណង់មានឈ្មោះ ខ្មាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

   តាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុថា មុនកើតហេតុរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ A2-9222បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូម៉ាកM បើកបរក្នុងទិសដៅលិចទៅកើតលុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតមកបុកម៉ូតូបណ្ដាលឱ្យដាច់ជាពីរប៉ើងចូលប្រឡាយធ្វើឲ្យម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិត រីឯរថយន្តខូចខាតផ្នែកខាងមុខកង់ខាងឆ្វេង។ ក្រោយកើតហេតុម្ចាស់រថយន្តព្រូសបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ភ្លាមៗគេឃើញសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតចុះមកដល់ធ្វើកំណត់ហេតុរូចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្តនិងម៉ូតូត្រូវកម្លាំងនគរបាលស្ទួចយកមករក្សាទុកកន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖