ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កិច្ចការពារព្រំដែន គឺជាកាតព្វកិច្ចដ៏ចម្បងបំផុត ហេតុនេះកងទ័ពបំពេញកិច្ចការពារព្រំដែន ត្រូវខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់តាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានស្នើឱ្យយោធិនគ្រប់រូបត្រូវមានសមត្ថភាពជំនាញព្រំដែនពិតប្រាកដ មានចំណេះដឹងទូទៅទូលំទូលាយ និងមានភាពប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជាមួយប្រទេសជិតខាង ដោយគោរពតាមគោលការណ៍ច្បាប់ និងបទបញ្ជារបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែង ឧត្តមសេនីយ៍ទោ ស៊ិន សុខា ជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបបេសកកម្មដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានរៀបចំតែងតាំងមុខតំណែងនាយទាហានបន្តវេនដែលមានសមត្ថភាព ដោយអនុវត្តតាមផែនការកែទម្រង់របស់កងយោធពលខេមរភូមិន្ទដ៏វែងឆ្ងាយ សំដៅរៀបចំ និងកសាងអង្គភាពឱ្យមានការរីកចម្រើន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានណែនាំឲ្យនាយទាហានទីចាត់ការការងារព្រំដែន ត្រូវធ្វើឱ្យប្រាកដប្រជាក្នុងការងារកំណែទម្រង់របស់អង្គភាព សម្រាប់ជាយុទ្ធសាស្ត្រទៅអនាគត ដោយឆ្លុះបញ្ចាំងអំពីអតីតកាល និងផ្តោតទស្សនៈចំពោះមុខ ទៅលើកិច្ចការពារខ្សែបន្ទាត់ព្រំដែន នៃមាតិភូមិ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនាយទាហាន ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ មានមនសិការស្នេហាជាតិខ្ពស់ មានកិច្ចសហប្រតិបត្តិការល្អជាមួយតួអង្គពាក់ព័ន្ធ ក៏ដូចជាប្រទេសជាប់ព្រំដែន ដោយយកកត្តាសាមគ្គីភាពជាចម្បង និងគោរពច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ។
ជាមួយនឹង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ នាយទាហាន ត្រូវបន្តយកចិត្តទុកដាក់ប្រមូលផ្តុំនូវប្រភពធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ ពិសេសចំណេះដឹងច្បាប់ បច្ចេកទេស នយោបាយពាក់ព័ន្ធកិច្ចការព្រំដែន និងមានកិច្ចសហប្រតិបត្តិការគ្រប់ផ្នែក ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ ក្នុងស្ថានភាពចំពោះមុខ និងទៅអនាគត៕
ដោយ ៖ សិលា