ព័ត៌មានទាន់ហេតុការណ៍៖

ពន្លាតដែនសមត្ថកិច្ចតាមប្រម៉ាញ់មុខសញ្ញាជួញដូរគ្រឿងញៀនដល់ខេត្តកណ្តាល ឃាត់ខ្លួនមនុស្ស ២នាក់ និងគ្រឿងញៀនជិត ១គីឡូក្រាម

ចែករំលែក៖

ខេត្តព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែង នៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៣ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដោយបានពន្លាតដែនសមត្ថកិច្ចរហូតដល់ស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ដកហូតគ្រឿងញៀនសរុបជិត ១គីឡូក្រាម ។

ជនសង្ស័យ ០២នាក់ខាងលើ ទី១ ឈ្មោះ សម្បត្តិ សិលា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ, ទី២ ឈ្មោះ ង៉ែត ធា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ 

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ២៤កញ្ចប់ (ធំ ១៤កញ្ចប់, តូច ១០កញ្ចប់) ទូរស័ព្ទដៃចំនួន ០៤ គ្រឿង សម្ភារៈជក់ និងវេចខ្ចប់មួយចំនួន ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត ។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោងជាង ៤ទៀបភ្លឺ កម្លាំងនគរបាលស្រុកបាភ្នំ បានល្បាតទៅដល់ចំណុចទំនប់បឹងលើ ស្ថិតនៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ក៏បានប្រទះឃើញមុខសញ្ញាចំនួន ៣នាក់  ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនត្រួតពិនិត្យ និងសាកសួរ ពេលនោះមុខសញ្ញាបានឆ្លើយសារភាព និងបានចង្អុលបង្ហាញសមត្ថកិច្ចពីថ្នាំញៀនដែលឈ្មោះ សម្បត្តិ សិលា កំពុងរំលែកត្រៀមទុកជួញដូរចំនួន ១៨កញ្ចប់ (ធំ ៨កញ្ចប់, តូច ១០កញ្ចប់) ។ បន្ទាប់មកសមត្ថកិច្ចបានយកមុខសញ្ញាទាំង ០៣នាក់ មកធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល (វិជ្ជមានទាំង ០៣នាក់) ។ បន្ទាប់ពីកម្លាំងការិយាល័យជំនាញបានសាកសួរលម្អិត មុខសញ្ញាឈ្មោះ សម្បត្តិ សិលា បានយល់ព្រមចង្អុលបង្ហាញមុខសញ្ញាមេក្លោងធំ នៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបន្ត ។ 

ដោយមានការចង្អុលបង្ហាញដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចបានពន្លាតដែនដីទៅដល់ភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ហើយបន្ត ឃាត់ខ្លួនមុខសញ្ញាចំនួន ២នាក់ទៀត ឈ្មោះ ង៉ែត ធា និងឈ្មោះ ជី ហេង ហើយធ្វើការដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនប្រភេទ (ម៉ាទឹកកក) ចំនួន ៦កញ្ចប់ធំ ដែលជារបស់ឈ្មោះ ង៉ែត ធា ។ 

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

IMG_4711

ដោយ ៖ សហការី


ចែករំលែក៖