ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានអំពាវនាវដល់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត នាពេលខាងមុខនេះ ឱ្យប្រព្រឹត្តិទៅប្រកបដោយភាពស្ងប់ស្ងាត់ និងគ្មានអំពើហិង្សា។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឱ្យកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ប្រព្រឹត្តិទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍រាជធានី-ខេត្ត សម្រាប់ការបោះឆ្នោត ត្រូវពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានជាមួយថ្នាក់ជាតិ និងជាមួយយន្តការ រចនាសម្ព័ន្ធចំណុះរបស់ខ្លួន សំដៅក្តាប់បានគោលការណ៍យកទៅបន្តផ្សព្វផ្សាយ និងប្រមូលបាននូវសភាពការណ៍ ឬហេតុការណ៍នានា ដើម្បីវិភាគ វាយតម្លៃ ធ្វើការសន្និដ្ឋាន និងចង្អុលដឹកនាំ ដោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។
សម្ដេចក្រឡាហោម បន្ដថា គ្រប់ហេតុការណ៍ទំនាស់ផ្សេងៗ ដែលកើតឡើងនៅមូលដ្ឋាន ត្រូវខិតខំដោះស្រាយពីដើមទី ដោយមិនត្រូវទុកឱ្យក្លាយជាទំនាស់រ៉ាំរ៉ៃ ដែលអាចបង្កឱ្យមានចលាចលសង្គម និងក្លាយជាឧបករណ៍នៃការកេងចំណេញផ្នែកនយោបាយ ជាពិសេស ត្រូវលើកកម្ពស់តួនាទីដឹកនាំ ដោយត្រូវចាត់វិធានការតាមគ្រប់មធ្យោបាយ គ្រប់រូប ភាពស្របតាមច្បាប់ ដើម្បីបង្ការហេតុការណ៍គ្រោះថ្នាក់នានា ក៏ដូចជាការបង្ការ ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររបស់ខ្លួន៕
ដោយ ៖ ស តារា