ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី បានជូនដំណើរយុវជនស្ម័គ្រចិត្តប្រមាណ ៥០០នាក់ ដែលចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាប៉ុន្មានថ្ងៃខាងមុខនេះ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងថា អង្គរសង្រ្កាន្តជាថ្នាលរៀនសូត្រដ៏ធំមួយសម្រាប់យុវជនស្ម័គ្រក្នុងការដកស្រង់បទពិសោធន៍ សង្កេត និងអនុវត្ត យកគម្រូ ដកស្រង់បទពិសោធន៍ពីគ្នា ដែលបទពិសោធន៍ដែលមិនងាយរកបាននៅសាលារៀន ឬកន្លែងការងារណាផ្សេងនោះឡើយ។
លោកបានឱ្យដឹងថាថ្វីត្បិតតែជាយុវជនស្ម័គ្រចិត្ត ប៉ុន្តែក្រុមការងារសហព័ន្ធយុវជនកម្ពុជា មានការរៀបចំបែងចែកតួនាទី ភារកិច្ច ច្បាស់លាស់ ឱ្យមានទំនួលខុសត្រូវតាមកម្រិតខុសៗគ្នា ទៅតាមរចនាសម្ព័ន្ធ ដែលនេះជាគម្រូដល់យុវជនស្ម័គ្រចិត្តអាចយកទៅរៀនសូត្រសម្រាប់ការងាររបស់ខ្លួននៅកន្លែងផ្សេង។
ប្រធានសហព័ន្ធយុវជនកម្ពុជារូបនេះបានថ្លែងឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំនៃការរៀបចំអង្គរសង្រ្កាន្ត តែងតែធ្វើការសម្ភាស ចម្រាញ់ ជាច្រើនដំណាក់កាលដើម្បី ឱ្យសមស្របទៅតាមតម្រូវការងារ ដោយក្រុមការងារជំនាញតាមផ្នែកនីមួយៗក៏មានការកំណត់សមត្ថភាព ក៏ដូចជាតួនាទី និងភារកិច្ចរបស់យុវជនស្ម័គ្រចិត្តនីមួយៗយ៉ាងជាក់លាក់។ ទោះបីជាចូលរួមជាការស្ម័គ្រចិត្ត តែការអនុវត្តការងារគឺមានភាពច្បាស់លាស់ ម្ចាស់ការ ឬអាចនិយាយបានថាមានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។
គួរឱ្យដឹងដែរថា យុវជនស្ម័គ្រចិត្តទាំងអស់ត្រូវបានគណៈកម្មាធិការរៀបចំទទួលបន្ទុកលើការស្នាក់នៅ អាហារ និងការដឹកជញ្ជូនទាំងអស់ក្នុងអំឡុងពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខណៈយុវជនស្ម័គ្រចិត្តទាំងអស់ បានចូលរួមស្ម័គ្រចិត្ត ប្រកបដោយឆន្ទៈ ស្មារតីទទួលខុសត្រូវ និងលះបង់កម្លាំងកាយ ចិត្ត ដូច្នេះមិនតម្រូវឱ្យចំណាយសោហ៊ុយផ្ទាល់ខ្លួនណាបន្ថែមទៀតឡើយ។
ព្រឹកមុិញនេះ ! ក៏មាន ការចេញដំណើររបស់យុវជនស្ម័គ្រចិត្ត នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្ពោះទៅកាន់ខេត្តសៀមរាប។
សូមបញ្ជាក់ថា, ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៣នេះហើយ ដែលមានទស្សនីយភាព ការតាំងបង្ហាញមរតកវប្បធម៌ដូនតា ក៏ដូចជាកម្មវិធីកំសាន្តជាច្រើននៅតាម ០៦ ទីតាំងធំៗគឺ បរិវេណប្រាសាទអង្គរវត្ត ព្រះលានជល់ដំរី តំបន់អង្គរ-ឃ្យុងយូ សួនច្បារព្រះរាជដំណាក់ ដងស្ទឹងសៀមរាប និងតំបន់ផាប់ស្រ្ទីត។
ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ!
កុំភ្លេចណា! ជួបគ្នានៅអង្គរសង្រ្កាន្ត!
#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ
#ក្ដីស្រមៃនិងក្ដីសង្ឃឹម
#អង្គរសង្រ្កាន្ត២០២៣
#AngkorSankranta2023 #AS10 ៕
ដោយ ៖ សិលា