ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ផ្ញើសារជូនពរជូនយោធិនទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧។
សារជូនពរ ផ្ញើជូន យោធិនទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧
មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាទីស្នេហា!
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងប្រកបដោយសិរីសួស្តី នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ តាងនាមថ្នាក់ដឹកនាំកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនា ស្រឡាញ់រាប់អានស្មោះស្ម័គ្រ និងក្តីនឹករឭកយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលក្នុងឆ្នាំកន្លងមកនេះ បានខិតខំពុះពារជម្នះរាល់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការ បំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ថែរក្សាសុខសន្តិភាព សន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ, ចូលរួមកសាង និងអភិវឌ្ឍជាតិ, និងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិល្អជាមួយប្រទេសជាមិត្តទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយសម្រេច បានលទ្ធផលការងារគួរជាទីមោទនៈ។
ជាក់ស្ដែង ទន្ទឹមនឹងជោគជ័យលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩, គឺពេញមួយឆ្នាំ២០២២ កន្លង ទៅនេះ ប្រទេសកម្ពុជា បានឆ្លងកាត់នូវសភាពការណ៍សំខាន់ៗជាច្រើន រួមទាំងការសម្រេចបាននូវ សមិទ្ធផលធំៗគ្រប់ទិដ្ឋភាព ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ដែល សុទ្ធសឹងជាជំហានឈានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយមរបស់ជាតិ និងប្រជាជនកម្ពុជា នៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពិតណាស់ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាមិនអាចកាត់ផ្ដាច់បានឡើយពីការខិតខំប្រឹង ប្រែងតស៊ូលះបង់ពុំខ្លាចនឿយហត់ គូបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់កងយោធពលខេមរ ភូមិន្ទ និយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហានកង ទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ក្រោម ការណែនាំចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក៏ដូច ជាស្មារតីទទួលខុសត្រូវខ្ពស់របស់ជួរមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ ស្តែងនៅតាមបណ្តាស្ថាប័ន«កងឯកភាពនីមួយៗ។
ក្នុងនាមមេបញ្ជការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមសម្ដែងនូវការ កោតសរសើរដោយស្មោះ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះគំរូវីរភាពឆ្នើម និងស្នាដៃដ៏ធំធេង ទាំងនេះ។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ជាទីស្នេហាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ខ្ញុំសូមបួងសួងចំពោះគុណព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរបវរមហាប្រសើរ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និង សម្រេចបានជោគជ័យគ្រប់ភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជនជាទីស្នេហានៃយើង។
សូមផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះគ្រួសារយោធិនពលី មរណៈ និងសូមលំឱនកាយ វាចាចិត្តគោរពវិញ្ញាណក្ខន្ធពួកគាត់ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមផ្ញើជូននូវមនោសញ្ចេតនានឹករឭក និងការសាកសួរសុខទុក្ខជូនយោធិនរបួស ពិការ និង មានជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមអង្គភាព មន្ទីរពេទ្យ និងគេហដ្ឋាន សូមជូនពរឆាប់ ជាសះស្បើយដើម្បីរួមរស់ក្នុងគ្រួសារប្រកបដោយសុភមង្គល។ ជាមួយនេះក៏សូមផ្ញើជូននូវការនឹករឭក ចំពោះអតីតយុទ្ធជន យោធិនពិការ យោធិនបាត់បង់សមត្ថភាពការងារ និងនិវត្តជន ដែលកំពុងរស់ នៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស សូមប្រកបដោយសេចក្ដីសុខចម្រើនគ្រប់ប្រការ។
សូមផ្ញើជូននូវក្តីនឹករឭក និងការសាកសួរសុខទុក្ខពីចម្ងាយផងដែរជូនចំពោះយោធិនទាំងអស់ ដែលកំពុងបំពេញបេសកកម្មអន្តរជាតិលើវិស័យមនុស្សធម៌ និងប្រតិបត្តិការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌ របស់អង្គការសហប្រជាជាតិ ក៏ដូចជាសិក្ខាកាមយោធាដែលកំពុងសិក្សានៅបរទេស និងសូមជូនពរ សុខភាពល្អ និងសូមសម្រេចជោគជ័យក្នុងការបំពេញភារកិច្ច និងការសិក្សាប្រកបដោយកិត្តិយស៕
ដោយ ៖ សិលា