ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមកកម្សាន្ត”សង្ក្រាន្តវត្តភ្នំថ្ងៃទីមួយ”យ៉ាងច្រើនកុះករ

ចែករំលែក៖

ភ្នំពេញ ៖ ទិដ្ឋភាពកម្សាន្តសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវីដែលនឹងចូលមកដល់នៅប៉ុន្មានម៉ោងខាងមុខនេះ។ នេះជាការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។

លោកអភិបាលមានប្រសាសន៍ថា សូមរីករាយឆ្នាំថ្មីក្រោមម្លប់នៃសន្តិភាព🎉។ 

សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងភរិយា ថ្នាក់ដឹកនាំ មន្ត្រីរាជការរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៧៥អង្គ ប្រសិទ្ធពរជ័យ​ សិរីសួស្តីជ័យមង្គល វិបុលសុខ​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​ ២៥៦៦ដែលនឹងឈាន ចូលព.ស.២៥៦៧ ថ្ងៃសុក្រ ៩រោច ខែចេត្រ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស. ២៥៦៦ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។ 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានចេញល្បាត ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងបង្ការ ទប់ស្កាត់បទល្មើសនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បងប្អូនប្រជាពលរដ្ឋ ជាច្រើនបានបង្ហាញនូវការសប្បាយរីករាយ ដើម្បីទទួលទេវតាឆ្នាំថ្មី និងចូលរួមលេងល្បែងកម្សាន្តនានានៅជុំវិញបរិវេណវត្តភ្នំ ៕

ដោយ ៖ សិលា


ចែករំលែក៖