ខេត្តសៀមរាប ៖«ខ្មែរធ្វើបាន»ថ្ងៃនេះ យើងបានបំបែកឯតទគ្គកម្មមួយទៀតគឺការ «រាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក»! សូមអរគុណបងប្អូនទាំង ៤៩៩៩ នាក់ និងក្រុមការងារទាំងអស់ដែលបានធ្វើឱ្យការបំបែកកំណត់ត្រានេះបានជោគជ័យ។ នេះជាប្រសាសន៍លើកឡើងរបស់លោកហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ។
លោកហ៊ុន ម៉ានី បានបន្តថា, ជយោ! ព្រះរាជាណាចក្រកម្ពុជា!
#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ
#ក្ដីស្រមៃនិងក្ដីសង្ឃឹម
#អង្គរសង្ត្រាន្ត ។
សូមបញ្ជាក់ថា, បើកយោងតាម សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ស្តីពី កម្មវិធីបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សុន ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បាន អោយដឹងថា, “ក្រោមដំបូលគ្រួសារខ្មែរតែមួយ ជាមួយនិងបេះដូងតែមួយ យុវជនកម្ពុជាបានបង្កើតនូវ កំណត់វាពិភពលោកលើការរាំម៉ាឌីហ្សូនច្រើនជាងគេ ជូនជាតិមាតុភូមិ ដែលនេះជាកិត្តិយស ដ៏ធំធេង និងជាការលើកស្ទួយកិត្យានុភាពសម្រាប់ជាតិកម្ពុជាទាំងមូល” ហ៊ុន ម៉ានី
គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ មានកិត្តិយសជម្រាបជូនសាធារណជន អ្នកសារព័ត័មានជាតិ អន្តរជាតិជ្រាបថា កម្មវិធីបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សូន បានសម្រេចជោគជ័យ ដោយ កម្ពុជាត្រូវបានកត់ត្រាជាផ្លូវការសារថ្មីចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records ការរាំម៉ាឌីហ្សូន ដែលមានចំនួនច្រើនជាងគេ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នាវេលាម៉ោង ១០៖៣៦ ព្រឹក ដែលមានចំនួន អ្នកចូលរួមរាំសរុប ៤៩៩៩ នាក់ នៅបរិវេណព្រះលានជល់ដំរី មុខឆាកតន្ត្រីអង្គរសង្ក្រាន្ត។ កំណត់ត្រានាពេលនេះ បានបំបែកលើចំនួនដែលកម្ពុជាខ្លួនឯង បានរៀបចំ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ក្នុងចំនួន២០១៥ នាក់។
គោលបំណងនៃការការបំបែកឯតទគ្គកម្មការរាំម៉ាឌីហ្សូនជាថ្មីម្ដងទៀតនេះ គឺជាការបង្ហាញប្រាប់ពិភពលោក ថា សាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។ លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរ សាទរខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ថ្នាក់ ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្ត របស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ «លើសពីការបំបែកឯតទគ្គកម្មពិភពលោក បំណងមួយ បន្ថែមទៀត គឺជាការបង្កើតកម្មវិធីដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាច និយាយថា ការនាំភាពខុសគ្នា មករួមគ្នា ក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»។
“សូមអបអរសាទរកម្ពុជា ទទួលបានកំណត់ត្រាពិភពលោកថ្មីលើការរាំម៉ាឌីហ្សុន» ៕
ដោយ ៖ សិលា