ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយ័ត្នពីគ្រោះខ្យល់កន្រ្ដាក់ និងរន្ទះ ខណៈកម្ពុជានៅតែទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប

ចែករំលែក៖

ភ្នំពេញ ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាមន្រ្ដីនាំពាក្យក្រសួងធនធានទឹក មានប្រសាសន៍នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា គ្រោះធម្មជាតិបានកើត ឡើងជាបន្តបន្ទាប់ ដែលមានខ្យល់កន្រ្ដាក់ និងរន្ទះ ហើយអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ គ្រោះធម្មជាតិបានកើតឡើងច្រើនជាងពេលកន្លងមក។ 

លោករដ្ឋលេខាធិការបន្តថា បាតុភូតខ្យល់កន្រ្ដាក់អាចកើតឡើងបានគ្រប់ពេល ប៉ុន្ដែអ្វីដែលគួរតែកត់សម្គាល់ក្នុងការការពារខ្លួន ប្រជាជនអាចសង្កេតមើលចាប់ពីម៉ោង១០ព្រឹកឡើងទៅ អាកាសធាតុចាប់ផ្ដើមក្ដៅហប់បន្តិចម្ដងៗ រហូតដល់រសៀលកាន់តែហប់ខ្លាំង ហើយនៅលើផ្ទះមេឃ និងមានដុំពពកផ្ដុំគ្នាចេញជារូបផ្សិតក្បាលធំជើងតូច ពណ៌ស ហើយពេលរសៀលពពករូបផ្សិតនោះ ប្រែពណ៌ជាខ្មៅហើយដាបចុះមកលើផែនដី ៖«សំខាន់មិនប្រកាន់ពេលថាពេលយប់ឬពេលថ្ងៃនោះទេ គឺចាប់ពីពេលរសៀល ម៉ោង២ ឬម៉ោង ៣ អីឡើងទៅនិង បាតុភូតខ្យល់កន្រ្ដាក់តែងតែកើតមាន ចំពោះពេលព្រឹកមិនសូវជាមាននោះទេ។ ពិសេសពេលរសៀលដែលខ្យល់កន្រ្ដាក់កើតឡើងគឺបង្ហាញតាមរយៈអាកាសធាតុក្ដៅខ្យល់ខ្លាំងហើយហប់»។

ដោយឡែកសម្រាប់បាតុភូតរន្ទះវិញ លោក ចាន់ យុត្ថា បញ្ជាក់ថា រន្ទះគឺជាការបញ្ជូនចរន្ដអគ្គិសនីពីពពកមកលើផែនដី ដែលចរន្ដអគ្គិសនីនេះ នឹងបាញ់ទៅកាន់ប្រភពចម្លងចរន្ដអគ្គិសនីផ្សេងៗ ដែលខ្ពស់ជាងគេ ហេតុដូចនេះហើយបានជាគេឃើញថា តែងតែមានការបាញ់ដើមដូង ដើមត្នោត ហើយពេលខ្លះក៏បាញ់មនុស្ស និងសត្វផងដែរ។ 

ឆ្លៀតក្នុងឱកាសនេះលោកទទូចដល់ប្រជាជន នៅពេលមេឃរកកលចង់ភ្លៀង សូមចាកចេញពីកន្លែងដែលមានទឹក ចាកចេញពីក្រោមដើមឈើ ហើយស្វែងរកទីទូលដែលស្ងួតអង្គុយចុះឲ្យទាប យកដៃក្ដោបស្លឹកត្រចៀកឱនចុះឲ្យទាប ដើម្បីកុំឲ្យខ្លួនក្លាយជាចំណុចគោលដៅនៃការស្រូបរន្ទះ។ ទន្ទឹមនិងការស្ថិតនៅទីទួលមានសុវត្ថិភាពហើយ សូមបោះចោលឲ្យឆ្ងាយនូវប្រភេទលោហៈផ្សេងៗដូចចបជីក ចបកាប់ កាំបិត ពូថៅ ហើយបើមានទូរស័ព្ទនៅក្បែរសូមដោះថ្ម ចេញឬក៏បិទប្រព័ន្ធដំណើរ។ ចំណែកអ្នកដែលនៅក្នុងផ្ទះសូមផ្ដាច់ចរន្ដអគ្គិសនី កុំបើកវិទ្យុ ទូរស័ព្ទ ឬទូរទស្សន៍។ 

ដោយឡែកនៅក្នុងករណីដែលរងគ្រោះដោយរន្ទះសូមរូសរាន់នាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ លោកបញ្ជាក់ថា៖«បាទការពិតទៅមានបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តៗគ្នាមក តែដូចយើងជ្រាបស្រាប់ហើយ កាលណាយើងប៉ះពាល់និងរន្ទះ បើកាលណាកាន់តែកៀកវានឹងធ្វើអោយឆេះខ្លោច ហើយបើវាបាញ់នៅឆ្ងាយយើងទទួលដោយ ប្រយោល ជូនអាចមានវិធីសង្រ្គោះតាមបងប្អូនធ្លាប់ធ្វើ តែខ្ញុំយល់ថា បើនៅជិតមណ្ឌលសុខ ភាព ឬមន្ទីរពេទ្យ គួរតែបញ្ជូនជនរងគ្រោះទៅសង្រ្គោះ»។

តាមការបញ្ជាក់របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ កម្ពុជានឹងនៅតែបន្តទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រែល ដែលបណ្ដាលឲ្យកម្ពុជាប្រឈមនិងបាតុភូតធម្មជាតិ ដែលមានខ្យល់កន្រ្ដាក់ និងរន្ទះ។ 

លោក ចាន់ យុត្ថា សង្កត់ធ្ងន់ថា ក្នុងសប្ដាហ៍នេះភ្លៀងមានក្នុងកម្រិតតិចតូច ប៉ុន្ដែខ្យល់កន្រ្ដាក់និងរន្ទះ នៅតែមានឥទ្ធិពលគួរឲ្យបារម្ភ ហេតុដូច្នេះលោកអំពាវនាវដល់ប្រជាជនទាំងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

ដោយ៖ សូរិយា


ចែករំលែក៖