ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវបានជនសង្ស័យឆក់យកកាបូបតែមិនបានសម្រេចបណ្តាលឱ្យដួលរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូចេញពីទិញអីវ៉ាន់នៅផ្សារនាគមាសត្រឡប់ទៅផ្ទះវិញត្រូវបានបុរសជាជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់យកកាបូបស្ពាយតែមិនបានសម្រេចបណ្តាលឱ្យដួលម៉ូតូរងរបួសស្រាល ចំណែកឯក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៧ ព្រឹកថ្ងៃទី ២០ខែមេសាឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវលេខ១៦៧ ក្បែរស្ថានទូតចិនក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុខ្លួននាងបានជិះម៉ូតូម៉ាកZOOMER-X ពណ៌លឿងលាយសខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1U-6593 ចេញពីទិញអីវ៉ាន់នៅផ្សារនាគមាសដោយជិះកាត់តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតកក្នុងគោលបំណង់ត្រឡប់ទៅផ្ទះវិញនៅក្រុងតាខ្មៅ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើក្បែរស្ថានទូតចិនកែងផ្លូវលេខ១៦៧ ស្រាប់តែលេចមុខបុរសជាជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ជិះមកពីក្រោយរួចឈោងដៃឆក់យកកាបូបស្ពាយពីនាង តែមិនបានសម្រេចបណ្តាលឱ្យរូបនាងដួលម៉ូតូសន្លប់ស្តូកស្តឹង ហើយភ្លាមនោះដែរក៏មានមន្រ្តី ប្រចាំការនៅស្ថានទូតចិនបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យរដ្ឋចុះមកទីតាំងកើតហេតុភ្លាមៗ តែដោយនារីរងគ្រោះមិនព្រមឡើងទៅលើរថយន្តទៅសង្គ្រោះបន្ទាន់នោះទេដោយសារស្ថានភាពរបស់គាត់រងរបួសស្រាល។

ចំណែកឯជនសង្ស័យវិញក៏បានជិះគេចខ្លួនបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចក៏នាំនារីរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូងទី២ ដើម្បីដាក់ពាក្យបណ្ដឹងហើយនារីរងគ្រោះសូមឲ្យសមត្ថកិច្ចស្វែងរកជនសង្ស័យដើម្បីយកមកចាត់ការទៅតាមនីតិវិធីច្បាប់។

ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅលោក អ៊ុក សាវឿន នាយប៉ុស្តិ៍ទួលទំពូងទី២ មេត្តាជួយពង្រឹងមូលដ្ឋាន និងល្បាតតាមភូមិសាស្រ្តផង៕

ដោយ ៖ ជីណា


ចែករំលែក៖