ព័ត៌មានទាន់ហេតុការណ៍៖

បាត់កូន២ថ្ងៃស្វែងរកគ្រប់កន្លែងមិនឃេីញស្រាប់តែប្រទះឃើញអណ្តែតទឹកស្រះស្លាប់បាត់ទៅហើយ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុសអាយុទេីប៧ឆ្នាំម្នាក់ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល២ថ្ងៃមកហេីយ ឳពុកម្តាយដើរតាមស្វែងរក គ្រប់ទីកន្លែងមិនឃេីញស្រាប់តែមកប្រទះឃើញ អណ្តែតទឹកស្រះស្លាប់បាត់ទៅហេីយ។ 

ហេតុការណ៍​នេះ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅស្រះទឹកមួយកន្លែង ចម្ងាយ ជាង១០០ម៉ែត្រពីផ្ទះ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ក្មេងរងគ្រោះឈ្មោះ ពន្លឺ សុខជា ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្សថ្នាក់ទី១ មានឪពុកឈ្មោះ ឈុន ពន្លឺ អាយុ៣៦ឆ្នាំ មុខរបរទិញលក់អេតចាយនិងម្តាយឈ្មោះ ណៃ សុខណា អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។

តាមម្តាយក្មេងរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់បានបាត់ពីផ្ទះនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ រហូតដល់ល្ងាចមិនឃើញកូនចូលផ្ទះ រកបាយទឹក ទើបដើរតាមរក តែមិនឃើញ ទៅរកមើលកន្លែងមាត់ស្រះ ដែលកូនធ្លាប់ទៅលេង ជាមួយក្មេងៗក្នុងភូមិក៏មិនឃើញ ។ ការស្វែងរកកូនប្រុស អស់រយៈពេល២ថ្ងៃទៅហើយ សាកសួរក្មេងៗធ្លាប់លេងជាមួយ ក៏គ្មានក្មេងណាដឹង ដើរស្វែងរកតាមស្រះ តាមត្រពាំងទឹក ក្នុងភូមិ ក្រៅភូមិ អស់ហើយមិនឃើញសោះ ស្រាប់តែនៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ឳពុកម្តាយមិនអស់ចិត្តដើររកមើលតាមស្រះទឹក បែរជាប្រទះឃើញកូនស្លាប់អណ្តែតទឹកស្រះក្បែរផ្ទះទៅវិញ។ 

សពក្មេងប្រុស ក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យឃើញថាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖