ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់នារីម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីមាន ករណីឃាតកម្មដ៏ឃោរឃៅ ដោយជនសង្ស័យបានសម្លាប់នារីជាបុគ្គលិកកាស៊ីណូម្នាក់  នៅក្រុងបាវិតហើយបានរត់គេចខ្លួនរួចមក សមត្ថកិច្ច បានទទួល បទបញ្ជា ផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ  និង លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងការិយាល័​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​  និងដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ និង​ ស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង​ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនិងមានការសម្របសម្រួលពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងព្រះវិហារ បានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យនៅផ្ទះសំណាក់កូឡាប៣ ក្នុងស្រុកឆែប ខេត្តព្រះវិហារ ខណៈម្ចាស់ផ្ទះសំណាក់ បានរាយការណ៍មកថាមានបុរសម្នាក់បានលេបថ្នាំពុលនៅបន្ទប់ជួលរបស់ខ្លួន។

ការឃាត់ខ្លួននេះបានធ្វើឡើង នាវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ស្ថិតនៅផ្ទះសំណាក់កូឡាប៣ ស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ ឡោ គង់ហួរ  អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពបន្តថា ក្រោយពេលកម្លាំងនគរបាលបានសហការជាមួយនឹងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ខណៈទៅដល់ស្រាប់តែឃើញជនសង្ស័យ បានលេបថ្នាំសម្លាប់ខ្លួនទើបសមត្ថកិច្វប្រញាប់ប្រញាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារភ្លាមៗផងដែរ។

គូររំលឹកឡើងវិញថា មានករណីភ្ញាក់ផ្អើលទាំងយប់ដល់ម្ចាស់ផ្ទះជួល​ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញនារីជាបុគ្គលិកកាស៊ីណូម្នាក់ដាច់ក្បាលនៅក្នុងបន្ទប់ទឹកដែលសង្ស័យជាករណីឃាតកម្មអារ.កសម្លាប់រួចឃាតកបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ពាក់ព័ន្ធករណីខាងលើនេះដែរលោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត​ បានឱ្យដឹងថា​ នារីរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕

ដោយ៖ សុថាន


ចែករំលែក៖