ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនួញដ៏ល្បី បង្ហើបថា តម្លៃខ្លួនរបស់ វណ្ណដា ច្រៀងនៅ rolling Loud នៅប្រទេសថៃថ្ងៃមុន ខ្វះបន្តិចចូលខ្ទង់លានដុល្លារឯណោះ

ចែករំលែក៖

ភ្នំពេញ ៖ ជាមោទនភាពរបស់តារាចម្រៀងវ័យក្មេងកម្ពុជា ឈានដល់លំដាប់អន្តរជាតិ មានលក្ខណៈគ្រប់គ្រាន់ ទទួលបានការគាំទ្រ ទាំងអាស៊ី អឺរ៉ុប ហើយអឺរ៉ុបមើលច្រើនលើសលប់ទៀតផង ទើបមាន អ្នកជំនួញដ៏ល្បី បង្ហើបថា តម្លៃខ្លួនរបស់ វណ្ណដា ច្រៀងនៅ rolling Loud នៅប្រទេសថៃថ្ងៃមុន ខ្វះបន្តិចចូលខ្ទង់លានដុល្លារឯណោះ ។ 

យ៉ាងណាមិញ ទន្ទឹមនឹងមោទកភាពដែលអ្នកគាំទ្រមានចំពោះតារាចម្រៀង វណ្ណដា បានសាងភាពល្បីល្បាញឈរដល់ចំណុចមួយមានការទទួលស្គាល់រហូតតារាចម្រៀងប្រទេសកម្ពុជាអាចសម្តែងនៅលើឆាកអន្តរជាតិ rolling Loud ថ្មីៗនេះតម្លៃខ្លួនរបស់ វណ្ណដា បានបែកធ្លាយនៅលើបណ្តាញសង្គមដែលទទួលបានតម្លៃខ្ពស់មិនធម្មតា ហើយយើងទាំងអស់គ្នាប្រាថ្នាអោយកូនខ្មែរ មានមោទនភាពជាតិបែបនេះ ទាំងកិត្តិយស និងប្រាក់ចំណូល តាមរយៈសមត្ថភាព ពិតៗ ។

នៅប្រទេសថៃកាលពីថ្ងៃមុន ! ប្រិយមិត្តជ្រាបមកហើយថា វណ្ណដា បានសម្តែងនៅលើឆាកដ៏អស្ចារ្យ rolling Loud នាក្រុងPATAYA ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ដែលការប្រគំតន្រ្តីនេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយរៀបចំតាមបែបអន្តរជាតិដែលសម្បូរទៅដោយជនបរទេសច្រើនជាងជនជាតិអាស៊ីចូលរួម ហើយអ្នកចូលរួមអាចស្លៀកពាក់ស៊ិចស៊ីខ្លាំងក៏បាន សម្រាប់ក្រុងសុីវីល័យមួយនេះ ។

សូមបញ្ជាក់ថា,  ការប្រគំតន្រ្តី rolling Loud វណ្ណដា ក៏បានសម្តែងបទ «Time To Rise » ផងដែរ រួមជាមួយបទចម្រៀងល្បីៗផ្សេងទៀតដូចជា «កំលោះស្រុកខ្មែរ» «Hot Boy» និងបទ «Bong» ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ក៏អាចខាបចិត្តតារាថៃល្បីមួយចំនួនដែលចូលរួមនៅលើឆាកនេះមក រាំបទលោក និង add Story នៅលើគណនី IG របស់ពួកគេផងដែរ។ ជាពិសេស ពេលវិលមកមាតុភូមិវិញ វណ្ណដា បានជិះយន្តហោះលក្ខណៈឯកជន ដែលជាការរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរដែលតារាចម្រៀងរូបនេះទូតសុឆន្ទៈទៀតផង។ 

ទោះជាគេ មិនបានប្រាប់តម្លៃខ្លួន វណ្ណដា លើឆាក rolling Loud នៅប្រទេសថៃ ម៉ាដាមដា ពិតប្រាកដប៉ុន្មាន ហើយ វណ្ណដា មិនបង្ហាញការភាពអស្ចារ្យនេះ ប្រាប់ពីតម្លៃខ្លួន ដើម្បីលើកតម្កើងខ្លួនក៏ដោយ ក៏តម្លៃខ្លួនរបស់ វណ្ណដា ដែលសម្តែងនៅលើឆាក rolling Loud នៅប្រទេសថៃ ម៉ាដាមដា ដែលជាអ្នកជំនួញអនឡាញល្បីឈ្មោះមួយរូបបានបង្ហើបថា តារារ៉េបដែលមានការទទួលស្គាល់អន្តរជាតិរូបនេះទទួលបានជិតខ្ទង់លានដុល្លារនៅខ្វះតែបន្តិចទៀតប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ វណ្ណដា រំភើបនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះអ្នកជំនួញរូបនេះបន្ថែមទៀតថា បើសិនជា វណ្ណដា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក៏មិនអាចមានវត្តមាននៅលើឆាកលំដាប់អន្តរជាតិនេះដូចគ្នា ទោះបីជាមានអ្នកណែនាំខ្លាំងយ៉ាងណាក៏ដោយ។

វណ្ណដាទទួលបានការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវជនកម្ពុជា ប៉ុន្តែ វណ្ណដា បង្ហាញនូវភាព ស្រគត់ស្រគំ សមនឹងអ្វីដែលខ្លួនមានមោទនភាព ទទួលស្គាល់យ៉ាងខ្លាំងពីអ្នកគាំទ្រក្នុងនិងក្រៅប្រទេស។ ភាពល្បីល្បាញរបស់ វណ្ណដា អាចបញ្ជាក់បានថា គេបាននាំឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់។ អរគុណសន្តិភាព អរគុណភាពរីកចម្រើនលើវិស័យសិល្បៈ ៕ 

ដោយ ៖ សហការី


ចែករំលែក៖