ភ្នំពេញ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះថា និស្សិតខ្មែរទាំង០៦រូប ដែលកំពុងជាប់គាំងក្នុងប្រទេសស៊ូដង់នោះ ពេលនេះកំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាព ដើម្បីរង់ចាំការជម្លៀសចេញពីប្រទេសសូ៊ដង់ក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា មាននិស្សិតខ្មែរចំនួន០៦នាក់ (ស្រី០២នាក់) ដែលបានចេញទៅសិក្សានៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងខាទុម ប្រទេសស៊ូដង់នាពេលកន្លងមក ហើយបន្ទាប់ពីការផ្ទុះឡើងនូវការប្រយុទ្ធបង្ហូរឈាមនៅក្នុងទីក្រុងខាទុម ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មក សាកលវិទ្យាល័យខាងលើបានប្រមូលផ្តុំនិស្សិតទាំងអស់ (ចម្រុះជាតិសាសន៍) ឱ្យមកស្នាក់នៅក្នុងទីតាំងមួយក្នុងសាកលវិទ្យាល័យ។
តាមរយៈការសម្របសម្រួលជាមួយស្ថានទូតម៉ាឡេស៊ីនិងទំនាក់ទំនងជាប្រចាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប និស្សិតខ្មែរខាងលើកំពុងស្នាក់នៅជាមួយនិស្សិតម៉ាឡេស៊ីដើម្បីរង់ចាំការជម្លៀសទាំងអស់គ្នាចេញពីប្រទេសសូ៊ដង់ក្នុងពេលដ៏ឆាប់ខាងមុខ។
ដោយឡែក គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ភាគីម៉ាឡេស៊ីបាននិងកំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើរចាកចេញពីប្រទេសសូដង់ឱ្យបានឆាប់តាមតែអាចធ្វើបាន៕
ដោយ៖ សហការី