ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្ដោលបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយកាប់គូទំនាស់១កាំបិតបណ្ដាលឱ្យហូរឈាមស្រោចខ្លួន ដែលគេសង្ស័យអាចបណ្ដាលមកពីរឿងគំនុំ ។
យោងតាមរបាយការណ៍លោក វរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន នាថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះថា នៅចំណុចមុខតូបលក់ទឹកកក ស្ថិតនៅភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង បណ្ដាលឱ្យយុវជនម្នាក់រងរបួសរយះក្បាលហូរឈាម ។
របាយការណ៍លោកអធិការនគរបាលស្រុកបាកានដដែលបានឱ្យដឹងទៀតថា ជនរងរបួសក្បាលខាងក្រោយផ្នែកខាងឆ្វេងឈ្មោះ សិត សុខគា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ។
ចំណែកជនដៃដល់ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាង(កាំបិត)ឈ្មោះ មី គឹម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន និងបក្ខពួកជនសង្ស័យដៃដល់(គេចខ្លួន)ឈ្មោះ វី តែន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិ.ឃុំជាមួយគ្នា ។
ក្នុងរបាយការណ៍ដដែល ករណីហិង្សាដោយចេតនាបណ្ដាលឱ្យមានរបួសស្នាមខាងលើនេះ អាចបណ្ដាលមកពីរឿងគំនុំ។ បច្ចុប្បន្ន ជនសង្ស័យដដែល(មី គឹម)ត្រូវបានសមត្ថកិច្ចបំពេញនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបានខេត្ត ចំណែកជនរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
គួររំលឹកផងដែរថា បច្ចុប្បន្ន គេសង្កេតឃើញករណីក្មេងទំនើងតាមបណ្ដាក្រុង.ស្រុកនៃខេត្តពោធិ៍សាត់ធ្វើសកម្មភាពកាប់ចាក់គ្នាស្ទើរតែរាល់ថ្ងៃ ហើយការបង្រ្កាបក៏បង្រ្កាបណាស់ដែរតែនៅតែកើតមាន ដូចជាមិនយល់ ៕
ដោយ៖ ប៉ឹម ពិន