ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅរកការនាំចេញ​កសិករខេត្តតាកែវ នឹងរួមគ្នាពង្រីកការចិញ្ចឹមបង្កង

ចែករំលែក៖

ខេត្តតាកែវ៖ លោក សាប់ សារុន​ ប្រធានសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ នឹងចងក្រងកសិករដែលចិញ្ចឹមបង្កងទាំង​អស់នៅ​ខេត្តតាកែវ បានលើកឡើងកាលពីថ្ងៃទី ៣០ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះថា ដើម្បីរួមសហការពង្រឹកការចិញ្ចឹមបង្កងតាមបែបធម្មជាតិ ខណៈមុខរបរនេះអាចជួយ​ដល់កសិកររកចំណូលបានសមរម្យ ​និងរួមគ្នា ពង្រីកការចិញ្ចឹមបង្កងខេត្តតាកែវ​ ឱ្យកាន់បានកាន់​តែខ្លាំងក្លា ​សម្រាប់ការផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក ​និងឈានទៅរកការនាំចេញ។

លោកប្រធានសមាគមអជីវករបង្កងទឹកសាបរូបនេះ​ បានគូសបញ្ជាក់ថា​ បច្ចុប្បន្នខេត្តតាកែវ មានកសិករចិញ្ចឹមបង្កងប្រហែលជាង១០​គ្រួសារ នៅក្នុងតំបន់ផ្សេងៗគ្នា​ ហេីយ​ដើម្បីជំរុញការចិញ្ចឹមបង្កងឱ្យបានកាន់តែខ្លាំងក្លាថែមទៀត លោកមានផែនការ​គៀងគរ​ដល់​កសិករចិញ្ចឹម នៅក្នុងខេត្តតាកែវទាំងអស់ ​ឲ្យចូលជាសមាគម​ ដើម្បីរួមគ្នាពង្រីកចិញ្ចឹម​បង្កង​ឲ្យបានកាន់តែច្រើន​សម្រាប់​ផ្គត់ផ្គង់​បង្កងចូលទីផ្សារ​ ឬការនាំចេញ ​នៅពេលអនាគត ខណៈបង្កង​ខេត្តតាកែវ មានឈ្មោះបោះសំឡេង​ល្បីល្បាញតាំងពីរយូរយាណាស់មកហើយ។​

លោកប្រធាន​សមាគម​ បានគូសបញ្ជាក់ទៀត​ថា ​នាពេលកន្លងមកនេះ ​មានមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ​ជាច្រើនជាពិសេសលោក ​ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បាន​ចុះដល់មូលដ្ឋានចិញ្ចឹម​បង្កងរបស់លោក ​បានណែនាំ និងផ្តល់នូវបទពិសោធន៍ទាក់ទង​និង​ការចិញ្ចឹម និងបញ្ហាទីផ្សារមួយចំនួន ​ក្នុងគោលដៅជំរុញការចិញ្ចឹមបង្កងឲ្យមានការរីកចម្រើន។

សូមជម្រាបជូនថា​​ ក្រសួងពាណិជ្ជកម្ម ​កាលពីពេលថ្មីៗនេះក៏បានចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្ត្របង្កងខេត្តតាកែវ ​ដែលប្រការទាំងនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ក្នុងការពង្រឹកនូវមុខរបរការចិញ្ចឹម​បង្កងឱ្យកាន់តែខ្លាំងក្លា សម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​និងឈានទៅរកការនាំចេញផងដែរ៕

ដោយ៖សហការី


ចែករំលែក៖