ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងចុះហត្ថលេខា «ផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ជាមួយ លោក វ៉ាង ស៊ាវហុង

ចែករំលែក៖

ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងចុះហត្ថលេខា «ផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ជាមួយ លោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ភាគីទាំងពីរបានចូលរួមអបអរសាទរចំពោះ លទ្ធផលជាផ្លែផ្កា និងសេចក្តីថ្លែងការណ៍រួម «ស្ដីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី» ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីប៉េកាំង កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះការដាក់ចេញនូវ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលជាការបង្ហាញនូវការប្តេជ្ញាចិត្តថ្មីមួយទៀត ឆ្ពោះទៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ ចំនួន៦ ក្នុងនោះរួមទាំងវិស័យសន្តិសុខ ផងដែរ ។

ក្រសួងមហាផ្ទៃបានឱ្យដឹងទៀតថា សម្តេចក្រឡាហោម ស ខេង និងលោក វ៉ាង ស៊ាវហុង ក៏បានកត់សម្គាល់សមិទ្ធផល និងបទពិសោធន៍ជាច្រើនលើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងរយៈពេល ជាង១ឆ្នាំកន្លងមក តាមរយៈកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក និងការប្រាស្រ័យទំនាក់ទំនងគ្នាជិតស្និទ្ធ ស្របតាមការប្ដេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបានសម្ដែងការកោត សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ ក្នុងការថែរក្សាបានយ៉ាងរឹងមាំ នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកសម្រេចបាននូវកំណើនវិជ្ជមានក្នុង ដំណើរការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ទោះបីប្រឈមមុខនឹងស្ថានភាព វិវត្តប្រែប្រួលឥតឈប់ឈរនៃសភាពការណ៍សកលលោក ។

ក្រសួងបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង និងលោក វ៉ាង ស៊ាវហុង បានវាយតម្លៃខ្ពស់ចំពោះការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកងកម្លាំងអនុវត្តច្បាប់នៃភាគីទាំងពីរ ក្នុងកិច្ចការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ជាអាទិ៍ បទល្មើសអន្តោប្រវេសន៍, អំពើជួញដូរមនុស្ស, ល្បែងស៊ីសងអនឡាញខុសច្បាប់, អំពើឆបោកតាមមធ្យោបាយទូរគមនាគមន៍ជាដើម តាមរយៈយន្តការ សម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្នុងស្មារតីបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហការកាន់តែសកម្ម សំដៅសម្រេចបានសមិទ្ធផល ថ្មីៗបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ភាគីទាំងពីរ បានចុះហត្ថលេខាលើផែនការ ស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងទាំងពីរ ដោយក្នុងនោះបានឯកភាពបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ ឲ្យបានដាច់ខាតនូវការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៌ និងពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកលើការកសាង និងបណ្ដុះបណ្តាលធនធាន មនុស្សក្នុងវិស័យអនុវត្តច្បាប់ និងការគាំទ្រផ្នែកបច្ចេកទេស ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។ 

សេចក្ដីប្រកាសព័ត៌មានក៏បានឱ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងធានជីង និងជួបសំណេះសំណាលជាមួយ លោក ចាង កុង អភិបាលក្រុងធានជីង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅ និងសក្តានុពលនៃកត្តាភូមិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ច នៃទីក្រុងធានជីង ព្រមទាំងបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយលទ្ធផលផ្លែផ្កាលើវិស័យវិនិយោគ, កំពង់ផែសមុទ្រ, និងសន្តិសុខ រវាងទីក្រុងធានជីង ជាមួយរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ 

សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំទីក្រុងធានជីង បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ព្រមទាំង ពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ និងកំពង់ផែ ដើម្បីរួមចំណែកបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖