ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃអង្គារទី០២ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា អ្នកបើកបរលើផ្លូវល្បឿនលឿនគួរតែប្រុងប្រយ័ត្ន៖ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលឱ្យមនុស្ស២នាក់រងរបួស
ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នានេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០១ ខែឧសភាម្សិលមិញនេះ នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រ៨១ ត្រង់ចំណុចភូមិទឹកចេញ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមមន្រ្តីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា៖ មុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹក មាស ពាក់ស្លាកលេខភ្នំពេញ2BA-7035 បើកបរដោយឈ្មោះ ចន ចេម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសំបូរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត០១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-8684 បើកបរដោយឈ្មោះ ឆេង ធិ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងដំណើរស្របទិសគ្នា។
នគរបាលដដែលបន្តថា ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យគ្រោះថ្នាក់មនុស្សរបួសស្រាល០២នាក់ ស្រី០១នាក់ ខូចខាតរថយន្តទាំង០២គ្រឿង ខូចខាតរបាំងដែក។ មូលហេតុការបើកបរក្នុងល្បឿនមិនសមាមាត្រនិងគម្លាតចំងាយនៃល្បឿនរថយន្ដ គន្លងយឺតចន្លោះពី៦០-៨០ចន្លោះ គន្លងវ៉ាជែងចាប់ពី១០០-១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ចំពោះវត្ថុតាងរថយន្តក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការK114 (កំពង់សីលា)ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សហការី