ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមជានិច្ច ចំពោះការងារសំអាត បរិស្ថាន ជុំវិញនិងបរិវេណទីលានការប្រកួតកីឡានៅពហុកីឡដ្ឋានមរតកតេជោ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការណែនាំផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យគ្រប់កម្លាំងអាជ្ញាធរ ខណ្ឌ សង្កាត់ ត្រូវរួមគ្នា សំអាត បរិស្ថាន អនាម័យ  នៅជុំវិញ និងបរិវេណទីលានការប្រកួត ពិសេសនៅពហុកីឡដ្ឋានមរតកតេជោ ជារៀងរាល់ថ្ងៃ ។

   ជាក់ស្ដែង នៅថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២៣នេះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរខណ្ឌ មន្ទីរបរិស្ថាន និងក្រុមយុវជនសេដ្ឋកិច្ច ក្រៅប្រព័ន្ធ សហការគ្នាជាមួយក្រុមហ៊ុនដឹកជញ្ជូននិងប្រមូលសំរាម ធ្វើអនាម័យ បរិស្ថាននៅបរិវេណ  វិមានឈ្នះឈ្នះ តាមបណ្តោយមហាវិថីឈ្នះឈ្នះ នៅក្នុងភូមិកីឡា និងពហុកីឡដ្ឋានមរតកតេជោ ដើម្បីធ្វើយ៉ាងណាឲ្យតំបន់ខាងលើនេះមានបរិស្ថានល្អប្រសើរ ។

      លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ យុទ្ធនាការនេះ ត្រូវធ្វើឡើងជាប្រចាំរហូតដល់ចប់ការប្រកួត និងជាប់រហូត ពិសេសថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ពោលគីជាថ្ងៃ បើកការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដោយនៅ ពេលនោះ នឹងមានប្រតិភូ កីឡាករ អ្នកគាំទ្រជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ត្រូវចូលរួម។ ដូច្នេះអ្វីដែលយើងត្រូវអនុវត្តនោះ គឺទីតាំងខាងលើនេះត្រូវតែស្អាត មិនមានសំរាមនិងមានបរិស្ថានល្អ ដើម្បីអោយភ្ញៀវ ជាតិ អន្តរជាតិបានមើលឃើញថា ទីក្រុងរបស់យើងជាទីក្រុងដែលមានអនាម័យនិងបរិស្ថានល្អ។

   លោក ហួត ហៃ បានបញ្ជាក់ថា៖ ការសំអាត អនាម័យបរិស្ថាន នៅជុំវិញនិងបរិវេនទីលានការប្រកួតខាងលើនេះ ធ្វើឡើង ដើម្បីបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋពិសេស អ្នកលក់ដូរ និងអ្នកទៅចូលរួមមើលការប្រកួតកីឡាបានមើលឃើញ និងយកចិត្តទុកដាក់ ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ មិនចោលសំរាមផ្ដេស ផ្ដាសលើទីផ្សារធារណៈដោយកម្ពុជាយើងជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនេះ។

     ក្រុមការងារដែលបើកយុទ្ធនាការនៃការ បោះសំអាតនេះត្រូវបានបែងចែកជាច្រើនក្រុម ដោយមួយក្រុមត្រូវសំអាតក្នុងបរិវេណវិមានឈ្នះឈ្នះ មួយក្រុមទៀតសំអាតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ នៅភូមិកីឡា និងនៅក្នុងពហុកីឡដ្ឋានមរតកតេជោ សំដៅធ្វើយ៉ាងណាអោយទីតាំងទាំងនេះស្អាត មានអនាម័យ បរិស្ថានល្អជានិច្ច។

    សូមបញ្ជាក់ថា៖ ក្នុងការប្រកួតកីឡានាប៉ុន្មានថ្ងៃនេះអ្នកដែលបានចូលរួមមើលការប្រកួតកីឡា ដោយផ្ទាល់ ភាគច្រើនពួកគាត់បានយល់ដឹងច្រើន ជុំវិញការយកចិត្ដទុកដាក់សំរាម មានន័យថា ក្រោយពីការប្រកួត គឺនៅទីលានការប្រកួត មិនមានសំរាម បោះចោលផ្ដេសផ្ដាស ។ នេះពិតជាបង្ហាញឲ្យឃើញពីការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋយើងដែលកំពុងរស់នៅក្នុងទីក្រុងស៊ីវីល័យមួយនេះ៕

ដោយ៖ សំរិត


ចែករំលែក៖