ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ នាថ្ងៃអង្គារ ១៣ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។ 

អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំពិភាក្សាតាមដានវឌ្ឍនភាព និងពង្រឹងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្ន រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ ក្រោមអធិបតីភាពរបស់បណ្ឌិត កន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ និងជាប្រធានក្រុមការងារដើម្បីពិភាក្សាកិច្ចការបច្ចេកទេសក្នុងការផ្តល់សេវាទទួលប្រាក់ពន្ធ-អាករ គ្រប់ប្រភេទតាមធនាគារពាណិជ្ជ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីលោកអនុប្រធាន លោក លោកស្រី សមាជិកនៃក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងធនាគារពាណិជ្ជដៃគូ សរុបចំនួន ៤៣ នាក់។

ជាកិច្ចចាប់ផ្តើម បណ្ឌិតអគ្គនាយករងបានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក លោកស្រី តំណាងធនាគារពាណិជ្ជដៃគូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារនៃអគ្គ- នាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យតាមដានវឌ្ឍនភាព និងវាយតម្លៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរក ដំណោះស្រាយពាក់ព័ន្ធ សំដៅធានានិរន្តរភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពក្នុងការផ្តល់សេវាទទួលប្រាក់ពន្ធជូនអគ្គ- នាយកដ្ឋានពន្ធដារ។ ក្នុងឱកាសនេះដែរ បណ្ឌិតអគ្គនាយករងបានលើកឡើងពីការដាក់ចេញឱ្យមានការបង់ពន្ធតាម ប្រព័ន្ធធនាគារពាណិជ្ជដៃគូនេះ គឺជាយន្តការមួយក្នុងការជួយសម្រួលសេវាបង់ពន្ធក៏ដូចជាបង្ខិតសេវាបង់ពន្ធឱ្យទៅជិត អ្នកជាប់ពន្ធ សំដៅឱ្យអ្នកជាប់ពន្ធមានភាពងាយស្រួលក្នុងការបង់ពន្ធ ជាពិសេសនៅពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ផ្ទុះឡើង ដែលអនុញ្ញាតឱ្យអ្នកជាប់ពន្ធអាចធ្វើការប្រកាស និងបង់ប្រាក់ពន្ធតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន E-Filing និង E-Payment ពីគេហដ្ឋាន ឬការិយាល័យរបស់ខ្លួន ឬពីទីតាំងណាមួយក៏បានឱ្យតែមានប្រព័ន្ធ Internet ដោយមិនចាំបាច់ ធ្វើដំណើរមកជួបផ្ទាល់ជាមួយមន្ត្រីរដ្ឋបាលសារពើពន្ធ ឬបុគ្គលិកសាខាធនាគារពាណិជ្ជដៃគូឡើយ។ មកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារពាណិជ្ជចំនួន ១០ រួចមកហើយ ដើម្បីធ្វើប្រតិបត្តិការផ្តល់សេវាទទួលប្រាក់ពន្ធ-អាករឱ្យអគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងនោះរួមមាន ១. ធនាគារ កាណា- ឌីយ៉ា ក.អ ២. ធនាគារ អេស៊ីលីដា ភីអិលស៊ី ៣. ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី ៤. ធនាគារ វឌ្ឍនៈ ៥. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ៦. ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ៧. ធនាគារ ពាណិជ្ជក្រៅប្រទេស នៃកម្ពុជា ៨. ធនាគារ ស្ថាបនា ភីអ៊ិលស៊ី ៩, ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ និង ១០. ធនាគារវីង (ខេមបូឌា) លីមីធីត។ បណ្ឌិតអគ្គនាយករងបានជំរុញ ឱ្យធនាគារពាណិជ្ជដៃគូ បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទទួលប្រាក់ពន្ធ ជូនអគ្គនាយកដ្ឋានពន្ធដារឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកកម្ពស់ក្នុងការផ្តល់សេវាបង់ប្រាក់ពន្ធជូនអ្នកជាប់ពន្ធ និងអនុលោមភាពសារពើពន្ធ។ ទន្ទឹមនឹងនេះ បណ្ឌិតអគ្គនាយករងក៏បានជំរុញ និងលើកទឹកចិត្តដល់ធនាគារពាណិជ្ជដៃគូ ឱ្យបន្តសហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការទទួលប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារពាណិជ្ជ ដៃគូនីមួយៗ ដើម្បីឈានទៅធ្វើសន្ធានកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ចំពោះធនាគារពាណិជ្ជដៃគូដែលមិនទាន់ មានប្រព័ន្ធនេះ។

ជាកិច្ចបន្ទាប់ បណ្ឌិតអគ្គនាយករងដែលជាប្រធានអង្គប្រជុំបានផ្ដល់ឱកាសជូនក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក លោកស្រី ជាតំណាងធនាគារពាណិជ្ជដៃគូ លើកឡើងពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ ពាក់ព័ន្ធ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយរួម សំដៅធានានូវការផ្តល់សេវាទទួលប្រាក់ពន្ធ ឱ្យកាន់តែមានភាព ងាយស្រួល ឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជូនអ្នកជាប់ពន្ធ។ ជារួមតំណាងធនាគារ ពាណិជ្ជដៃគូបានយល់អំពីចំណុចពាក់ព័ន្ធមួយចំនួន ហើយបានសន្យាថានឹងខិតខំយកចិត្តទុកដាក់បន្ដពង្រឹង និងបង្កើន ប្រសិទ្ធភាពក្នុងការអនុវត្តនៃការផ្ដល់សេវាទទួលប្រាក់ពន្ធ ឱ្យស្របទៅនឹងអនុស្សរណៈនៃការយោគយល់គ្នា និងលិខិត បទដ្ឋានពាក់ព័ន្ធជាធរមាន ព្រមទាំងខិតខំធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ ឱ្យបានឆាប់នាពេលខាងមុខ។ កិច្ចប្រជុំនេះបានបញ្ចប់ នាវេលាម៉ោង ១២:០០ នាទី នៅថ្ងៃខែឆ្នាំដដែល ដោយទទួលបានលទ្ធផលជាផ្លែផ្កា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការនិងការទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សហការី


ចែករំលែក៖