ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពនារីម្នាក់ ត្រូវគេអារ.កសម្លាប់និងដុតសាកសពឆេះខ្លោចនៅចម្ការចេកមួយកន្លែង ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្រទះឃើញសាកសពនារីម្នាក់ ត្រូវគេអារ.កសម្លាប់ និងដុតសពឆេះខ្លោចក្នុងចម្ការចេកមួយកន្លែងនៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បើតាមប្រភពសមត្ថកិច្ចជំនាញឲ្យដឹងថា ករណីនេះ ឃាតកអាចសម្លាប់នៅទីតាំងផ្សេង ហើយយកមកទំលាក់និងដុតនៅទីតាំងខាងលើនេះ។

ប្រភពបញ្ជាក់ថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣  វេលាម៉ោងប្រមាណ៨ព្រឹក ប្រជាពលរដ្ឋរស់នៅ ភូមិពន្លាកឃុំចុងជាច ស្រុកតំបែរ បានជូនដំណឹងតាមទូរស័ព្ទឱ្យសមត្ថកិច្ចដឹងថា នៅក្នុងចម្ការចេករបស់គាត់ចម្ងាយប្រមាណ៦០ម៉ែត្រពីផ្លូវជាតិលេខ៧៣ ប្រទះ ឃើញសាកសពមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណ មិនច្បាស់ភេទដោយមូលហេតុ ភ្លើងឆេះហើមស្អុយ។ 

ក្រោយទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងស្រាវជ្រាវលើសាកសព។

តាមការសន្និដ្ឋានជំហានបឋមសពជាភេទស្រី អាយុប្រហែល២០ទៅ៣០ឆ្នាំ,សាកសពត្រូវភ្លើងឆេះប្រមាណ ២៥% ដោយប្រើស្លឹកចេកដែលគរចោល កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣, សាកសពមានសភាពហើមស្អុយសំលៀកបំពាក់ខ្មៅមានស្នាមរបួសនៅលើ.ក ផ្នែកខាងមុខ, សាកសពត្រូវបានដឹកពីទីតាំងផ្សេងយកមកទំលាក់នៅដីព្រៃចម្ការចេកហើយដុត។

ជុំវិញករណីនេះ ក្រោមការបញ្ជារផ្ទាល់ពីលោកឧត្តម សេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យនគរបាលជំនាញជូនដំណឹងទៅកាន់សាច់ ញាតិដែលបានបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើ ជាពិសេសធ្វើការជាបន្ទាន់ដើម្បីស្វែងរកប្រភពព័ត៌មានឲ្យបានច្បាស់លម្អិត ក្នុងការវែកមុខស្វែង រកឃាតក ជាជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖