ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញជួបសំណេះសំណាល និងពាំនាំនូវអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់បងប្អូនប្រជា ពលរដ្ឋទូទាំងខេត្តតាកែវ ទៅប្រគល់ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដី នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៤២ ស្ថិតក្នុងទិសឧត្តរមានជ័យ ។
ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក អភិបាល ខេត្តតាកែវ បានពាំនាំនូវប្រសាសន៍សាកសួរស្ទុករកសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ថ្នាក់ដឹកនាំជាតិ ជូនចំពោះបងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីយ៉ាងរឹងមាំនៅសមរភូមិមុខ ។
លោក វ៉ី សំណាង ក៏បានថ្លែងនូវសេចក្តីកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីវីរភាពដ៏ខ្ពង់ខ្ពស់ របស់វីរកងទ័ពទាំងអស់ ដែលតែងតែឈរជើងយ៉ាងរឹងមាំ ប្រឈមមុខនឹងគ្រប់ឧបសគ្គទាំងអស់ ដើម្បីសុខសន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជាតិទាំងមូល ។ លោកបានបន្ថែមថា អំណោយនាពេលនេះ ទោះបីជាមានចំនួនកម្រិតណាក៏ដោយ ប៉ុន្តែវាគឺជាបេះដូង និងជាទឹកចិត្តស្រឡាញ់រាប់អានយ៉ាងជ្រាល ជ្រៅ ចេញពីបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ដើម្បីរួមចំណែកជួយសម្រាលទុក្ខធុរៈ និងលើកទឹកចិត្ត គោរពស្រលាញ់ដល់កងទ័ពនៅសមរភូមិមុខ ។
ជាមួយគ្នានេះដែរ តំណាងបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ លោក អភិបាលខេត្ត គណៈប្រតិភូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់កម្លាំងចិត្តដល់កងទ័ពជានិច្ច។ ទឹកចិត្ត និងអំណោយទាំងនេះ គឺជាប្រភពថាមពលដ៏ស្មារតីមួយយ៉ាងសំខាន់បំផុត ជួយបង្កើនស្មារតីស្នេហាជាតិ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិឱ្យបានគង់វង្សតទៅ ។ បញ្ជាក់ឱ្យឃើញថា ពិធីសំណេះសំណាល និងប្រគល់អំណោយនាពេលនេះ ស្តែងឱ្យឃើញពីកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំរវាង សមរភូមិក្រោយ និងសមរភូមិមុខផងដែរ ។
សូមបញ្ជាក់ផងដែរ សម្ភារៈ និងថវិកា ដែល លោក វ៉ី សំណាង អភិបាលខេត្ត និងគណប្រតិភូ បាននាំយកមករួមមាន៖ អង្ករ ៣តោន, មីជាតិ ២៥៥កេស, ទឹកសុទ្ធ ២០០កេស, ទឹកក្រូច និងទឹកផ្លែឈើ ១៤០កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ ២១០យួរ, នំអន្សម ១៧៥០នំ, នំជៀល ៧៣៥នំ, នំចាំង ៦០គីឡូ, អាល់កុល ៥កាន និងថវិកា ២០,០០០,០០០រៀល ៕

ប្រភពៈ រដ្ឋបាលខេត្តតាកែវ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច