ខេត្តកំពង់ធំ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃព្រឹកចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រារព្ធឡើងនៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ខកខានអស់ជាច្រើនឆ្នាំ ព្រោះតែវិបត្តិជំងឺកូវីដ១៩នោះ។
ព្រះរាជពិធីជាព្រះរាជបវេណីខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចព្រមទាំងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់។
ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការថា ជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយ។ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំនេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័លទី២ តំណាងព្រះអង្គ និងភរិយា ជាព្រះមេហួ។
ក្នុងព្រះរាជពិធីនាព្រឹកនេះ ក៏មានការរៀបចំតាំងបង្ហាញនូវផលិតផលកសិផលមកពីតាមបណ្តាក្រសួង និងរាជធានី-ខេត្តផងដែរ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏សំខាន់ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។
ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ។
ក្នុងព្រះរាជពិធីនេះ ក៏មានការរៀបចំចំណី៧មុខរួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ជាអាហារឱ្យ «គោឧសភរាជ» បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗទៅលើសត្វធាតុរបស់ប្រជាកសិករ៕
ដោយ៖សហការី