ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតកីឡាអត្តពលកម្ម និង វិញ្ញាសាប្រកួត​កង់ភ្នំ​នៅ​ខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ខេត្តសៀមរាប ៖ បន្ទាប់ពីបញ្ចប់វិញ្ញាសាប្រណាំងកង់ភ្នំ Cross Country Elimination ( XCE ) បុរស-នារី ចម្ងាយ៥០០ម៉ែត្រនៅតំបន់ឧទ្យាជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ដែលបានចាប់ដំណើរការកាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣រួចមក ការប្រកួតកីឡាអត្តពលកម្ម ដែលបានរៀបចំធ្វើនៅតំបន់ប្រាសាទអង្គរវត្ត និង វិញ្ញាសាប្រកួតកង់ភ្នំ ដែលបានរៀបចំធ្វើនៅតំបន់ឧទ្យាជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយជោគជ័យ ។ នេះជាបញ្ជាក់ពី អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។

ជាលទ្ធផលនៃការប្រកួតនេះ គឺ ៖

នៅព្រឹកថ្ងៃទី៦ ខែឧសភា  ឆ្នាំ២០២៣ ៖  វិញ្ញាសាររត់ម៉ារ៉ាតុនបុរស ជាលទ្ធផលមេដាយមាសបានទៅលើកីឡាករ Agus Prayogo មកពីប្រទេស ឥណ្ឌូនេស៊ី , មេដាយប្រាក់ បានទៅលើកីឡាករ Arlan Estobo Arois មកពីប្រទេស ហ្វីលីពីន និង មេដាយសំរិទ្ធ បានទៅលើកីឡាករ Ngyen Thanh Hoang មកពីប្រទេសវៀតណាម និង វិញ្ញាសារត់ម៉ាតុនផ្នែកនារីជាលទ្ធផល  មេដាយមាស បានទៅលើកីឡាការិនី Odekta Elvina មកពីប្រទេសឥណ្ឌនេស៊ី, មេដាយប្រាក់ បានទៅលើកីឡាការិនី Thi Tuyet le មកពីប្រទេសវៀតណាម និងមេដាយសំរឹទ្ធ បានទៅលើ កីឡាការិនី Christine Organiza Hallasgo មកពីប្រទេសហ្វីលីពីន ។

នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ៖ វិញ្ញាសាដើរប្រណាំងបុរស ជាលទ្ធផលកីឡាករ Hendro Hendro មកពីប្រទេសឥណ្ឌូនេស៊ី ឈ្នះបានមេដាយមាស , លើកីឡាករ Thanh Ngung Nguyen មកពីប្រទេស វៀតណាម ឈ្នះបានមេដាយប្រាក់ និង បានទៅលើកីឡាករ Pyae Phyo Htun មកពីប្រទេសមីយ៉ានម៉ា ឈ្នះបានមេដាយសំរិទ្ធ និង វិញ្ញាសាដើរប្រណាំងនារី ជាលទ្ធផល កីឡាការិនី Thi Thanh Phuc Nguyet  មកពីប្រទេសវៀតណាម ឈ្នះបានមេដាយមាស , កីឡាការិនី Violine Intan Puspita មកពីប្រទេសឥណ្ឌូនេស៊ី ឈ្នះបានមេដាយប្រាក់ និង កីឡាការិនី Kotchaphon Tangsrivong មកពីប្រទេសថៃ ឈ្នះបានមេដាយសំរឹទ្ធ 

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ៖  វិញ្ញាសាកង់ភ្នំផ្នែកបុរស ជាលទ្ធផលកីឡាករមកពីប្រទេសឥណ្ឌូនេស៊ី ឈ្មោះ FERI YUDOYONO ឈ្នះមេដាយមាស , កីឡាករមកពីប្រទេសឥណ្ឌូនេស៊ី ឈ្មោះ ZAENALFANANI ឈ្នះមេដាយប្រាក់ និង កីឡាករមកពីប្រទេសកម្ពុជា ឈ្មោះ KHIM MENGLONG ឈ្នះមេដាយសំរឹទ្ធ និង វិញ្ញាសាកង់ភ្នំផ្នែកនារីវិញ កីឡាការិនីមកពីប្រទេសឥណ្ឌូនេស៊ី ឈ្មោះ SAYU BELLA SUKMA DEWI ឈ្នះបានមេដាយមាស , កីឡាការិនីមកពីប្រទេសម៉ាឡេស៊ី ឈ្មោះ NUR ASSYIRA ZAINAL ABIDIN ឈ្នះបានមេដាយប្រាក់ និង កីឡាការិនីមកពីប្រទេសថៃ ឈ្មោះ VONTHANAN PHONKLA ឈ្នះបានមេដាយសំរិទ្ធិ។

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ៖ វិញ្ញាសាកង់ភ្នំជាក្រុមបណ្ដាក់គ្នា Cross Country Reley (XCR)  ជាលទ្ធផលក្រុមកីឡាករ-កីឡាការិនី មកពីប្រទេសឥណ្ឌូនេស៊ី ទទួលជ័យលាភី មេដាយមាស ខណៈក្រុមកីឡាករ-កីឡាការិនី ប្រទេសថៃ ទទួលបានមេដាយប្រាក់ និងមេដាយសំរិទ្ធ បានទៅលើក្រុមកីឡាករ-កីឡាការិនី មកពីប្រទេសហ្វីលីពីន ។

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ៖ វិញ្ញាសាកង់ភ្នំ បុរស ( XCE ) ជាលទ្ធផលកីឡាករមកពីប្រទេសថៃ ទទួលជ័យលាភី មេដាយមាស , កីឡាករមកពីប្រទេសកម្ពុជា ទទួលជ័យលាភី មេដាយប្រាក់ និង កីឡាករមកពីប្រទេសឥណ្ឌូណេស៊ី ទទួលជ័យលាភី មេដាយសំរិទ្ធ និង វិញ្ញាសាកង់ភ្នំ នារី ( XCE ) ជាលទ្ធផលកីឡាការិនីមកពីប្រទេសឥណ្ឌូនេស៊ី ទទួលជ័យលាភី មេដាយមាស , កីឡាការិនីមកពីប្រទេសហ្វីលីពីន ទទួលជ័យលាភី មេដាយប្រាក់ និង កីឡាការិនីមកពីប្រទេសថៃ ទទួលជ័យលាភី មេដាយសំរិទ្ធ ។

សូមបញ្ជាក់ថា ការប្រកួតប្រភេទទោចក្រយាននៅក្នុងខេត្តសៀមរាប នៅសល់មួយវិញ្ញាសាទៀត គឺវិញ្ញាសាប្រកួតកង់គួក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ រហូតថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់ឧទ្យានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង តំបន់វង់ធំ មាន ៤វិញ្ញាសា រួមមាន ៖ ១. កង់គួកបុរស ប្រកួតក្នុងចម្ងាយផ្លូវ ៤៤គីឡូម៉ែត្រ ស្មើនឹង ២៤ជុំ , ២. កង់គួកនារី ប្រកួតក្នុងចម្ងាយផ្លូវ ៣១គីឡូម៉ែត្រ ស្មើនឹង ១៧ជុំ , ៣. កង់គួកបុរស ប្រកួតក្នុងចម្ងាយផ្លូវ ១៧៣គីឡូម៉ែត្រ ស្មើនឹង ៧ជុំ និង ៤. កង់គួកនារី ប្រកួតក្នុងចម្ងាយផ្លូវ ៩០គីឡូម៉ែត្រ ស្មើនឹង ៤ជុំ ៕

ដោយ ៖ សហការី


ចែករំលែក៖