ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកChevroletបត់ចូលបុរីត្រូវម៉ូតូបុកបណ្តាលឱ្យនារីម្នាក់រងរបួសបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញ​៖ នារីម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវពេញទំហឹង។ 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចមុខបុរីពិភពថ្មី ផ្លូវបេតុងវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បើករថយន្តស៊េរីទំនើបម៉ាកChevrolet ពាក់ស្លាកលេខភ្នំពេញ2BW-8393 ពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្វេងចូលបុរី ត្រូវបាននារីម្នាក់ជិះម៉ូតូzoomer-x​ ពណ៌ក្រមហមលាយស​ ពាក់ស្លាកលេខបាត់ដំបង1AE-9943 លឿនចាប់ហ្វ្រាំងមិនទាន់ក៏បុកចំពីមុខពេញ​ទំហឹងបណ្ដាលឱ្យរបួសបាក់ជើងឆ្វេង។ 

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចមូលដ្ឋានធ្វើការបាញ់ថ្នាំយកមកអែបកៀន រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖