ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេះឃើញបុរសវ័យចំណាស់ម្នាក់លង់ទឹកអណ្តូងស្រះខាងលិចផ្ទះស្លាប់យ៉ាងអាណោចអាធ័មសង្ស័យខ្យល់គរ!

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់បានលង់ទឹកអណ្តូងស្រះខាងលិចផ្ទះស្លាប់យ៉ាងអាណោចអាធ័មខណ:ចុះរាវខ្យងសង្ស័យខ្យល់គរ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញខេត្តបាត់ដំបងបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃ១២ខែឧសភាឆ្នាំ២០២៣នេះថា,ករណីលង់ទឹកស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ស្ថិតក្នុងភូមិចែងក្តា ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមការលើកឡើងពីក្រុមគ្រួសារបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឡាច  សុផាន ហៅ ញិ ភេទប្រុស អាយុ ៥៣ឆ្នាំ  រស់នៅភូមិ ឃុំ កើតហេតុខាងលើ និងជាមនុស្សផឹកស្រាជាប្រចាំ ហើយប៉ុន្មានថ្ងៃមុនក៏ធ្លាប់បានខ្យល់ម្តងរួចមកហើយ  ហើយនៅថ្ងៃកើតហេតុនេះជនរងគ្រោះបានទៅចុះរាវខ្យងក្នុងអណ្តូងស្រះខាងលិចផ្ទះ ហើយទំនងជាខ្យល់ងងឹតមុខដួលចូលទឹកហើយទើបបណ្តាលអោយលង់ស្លាប់បែបនេះ ។

ក្រោយពេលកើតហេតុក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅពិនិត្យវិភាគធ្វើកោសល្យវិច័យ និងយោងតាមការអះអាងពីក្រុមគ្រួសារជនរងគ្រោះផងនោះ ក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖