ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ដែលចុះផ្សាយថា «មានរោងចក្រផលិតបារីគ្មានអាជ្ញាប័ណ្ណដ៏ធំមួយកំពុងបើកអាជីវកម្មយ៉ាងរំភើយ​ នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល

ចែករំលែក៖

ខេត្ត​កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយ តបជូន សាធារណជន ទៅនឹងគេហទំព័រ ឥន្រ្ទី PLUS NEWS និង គេហទំព័រ BB9 Movie ដែលបានចុះផ្សាយថា «មានរោងចក្រផលិតបារីគ្មានអាជ្ញាប័ណ្ណដ៏ធំមួយកំពុងបើកអាជីវកម្មយ៉ាងរំភើយ។ ដែលមានទីតាំងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងរដ្ឋបាលស្រុកមុខកំពូល ដឹកនាំដោយលោក ហុង គីរី អភិបាលរងស្រុកមុខកំពូល កម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ ដើម្បីធ្វើការចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែង។

ជាលទ្ធផល៖ ម្ចាស់សហគ្រាស SORIYA មានឈ្មោះ សេង ចរិយា បានឲ្យអ្នកតំណាងសហគ្រាសដើម្បីចូលរួមឈ្មោះ ត្រេន សាឡី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការពិនិត្យជាក់ស្ដែងទីតាំងសហគ្រាសធុនតូចផលិតបារី SORIYA បានផលិតបារីម៉ាក TOURO និងស្តុកថ្នាំជក់ ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានឯកសារពាក់ព័ន្ធរួមមាន៖ វិញ្ញាបនបត្រចុះបញ្ជីម៉ាក TOURO របស់ក្រសួងពាណិជ្ជកម្ម ឯកសារចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មានសុពលភាពដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០៣១។ ឯកសារវិញ្ញាបនបត្រអនុញ្ញាតឲ្យដំណើរការសហគ្រាស-សិប្បកម្មរបស់មន្ទីរឧស្សាហកម្មខេត្តកណ្ដាល ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសុពលភាព ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកសាររបស់មន្ទីរបរិស្ថានខេត្តកណ្ដាល ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាប និងកុំមានការភាន់ច្រឡំ៕

ដោយ៖ អរុណរះ


ចែករំលែក៖