ភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបទ ពីការធ្វើដំណើរដោយរថយន្តឯកជន វិលត្រឡប់មកធ្វើដំណើរដោយ មធ្យោបាយរួម ឬធ្វើដំណើរតាមរយៈថ្មើរជើងវិញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដម និងលោកជំទាវ បានធ្វើដំណើរកម្សាន លើផ្លូវថ្មើរជើងWalk Street កាលពីថ្ងៃអាទិត្យ ដោយបានបង្ហាញ ពីភាពសប្បាយរីករាយ ដោយសារតែគម្រោងបើកឱ្យដំណើរការផ្លូវថ្មើរជើងនេះទទួលបានជោគជ័យដោយមានការចូលរួមពីប្រជាពលរដ្ឋ មកពីក្រៅតំបន់ប្រហែលជា ៤ទៅ ៥ម៉ឺននាក់ក្នុងមួយថ្ងៃបានមកដើរលេងកំសាន្តសប្បាយ។
ក្នុងដំណើរត្រួតពិនិត្យវឌ្ឍនៈភាពផ្លូវថ្មើរជើងWalk Street មាត់ទន្លេនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី០៥ មីនាឆ្នាំ២០២៥នេះថា៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានណែនាំឱ្យរាជធានី ខេត្តទាំងអស់ត្រូវបង្កើតនូវសមទ្ធិផលថ្មីៗឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ក្នុងដែនសមត្ថកិច្ចបស់ខ្លួន ធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម លក់ដូរក្នុងមូលដ្ឋានរបស់ខ្លួននេះ មានជីវភាពល្អប្រសើរ។ដូច្នេះហើយទើប រដ្ឋបាលរាជធានីភ្នំពេញយើង ក្រោមការដឹកនាំរបស់សម្តេច យើងក៏បានរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះឡើង ដើម្បីទាក់ទាញទេសចរណ៍ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរំលឹកថា៖ កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៅចុងអាណត្តិទី៦ សម្ដេចបានណែនាំថា រាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ធ្វើផ្សាររាត្រី ក៏ដូចជាផ្លូវថ្មើរជើង ធ្វើយ៉ាងណាដើម្បីទាក់ទាញទេសចរណ៍ ដែលវាជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភាពស៊ីវីល័យ ឱ្យពួកគាត់ ប្តូរឥរិយាបទ ពីធ្វើដំណើរដោយរថយន្ត ដោយយានយន្ត ត្រីចក្រយាន។ល។មកធ្វើដំណើរដោយថ្មើរជើង ។ ការធ្វើ ដំណើរថ្មើរជើង វាជាប្រយោជន៍ច្រើនក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិ និងសុខមាភាពផ្ទាល់ខ្លួនរបស់ពួកគាត់ ។ សុខមាភាពប្រជាពលរដ្ឋ គឺជាសុខមាភាពរបស់ថ្នាក់ដឹកនាំ ហេតុដូច្នេះហើយ ទើបសម្តេចមហាបវរធិបតី ជំរុញឱ្យរាជធានី-ខេត្តទាំងអស់ ឱ្យរៀបចំព្រឹត្តិការណ៍ផ្លូវថ្មើរជើងនេះ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ហើយ វាក៏ជាជំនួយដល់សុខមាភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ ។ ក្នុងរាជធានីភ្នំពេញ តម្រូវការមួយដែលយើងចង់បាន នោះគឺការប្តូរឥរិយាបទប្រជាពលរដ្ឋ ពីការធ្វើដំណើរ ដោយរថយន្តឯកជន វិលត្រឡប់មកធ្វើដំណើរដោយ មធ្យោបាយរួម ឬក៏ធ្វើដំណើរតាមរយៈថ្មើរជើង។ តាមរយៈការធ្វើដំណើរថ្មើរ ជើង ពួកគាត់នឹងទទួលបានសុខភាព មិនប៉ះពាល់ដល់លំហូរចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលកំពុងតែកកស្ទះចរាចណ៍ដែរ ។
ការរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ពោលគឺនៅថ្ងៃដែលយើងបើកដំបូង ថ្ងៃទី១ ខែកុម្ភៈ គឹប្រជាពលរដ្ឋរស់នៅក្នុងតំបន់ បានយកយានយន្តរបស់គាត់ ចេញទៅខាងក្រៅ ផ្ញើនៅខាងក្រៅ ដោយទុកឱកាសឱ្យ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ចូលរួមដំណើរកម្សាន្ត។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបន្តថា៖ ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្រៅតំបន់ គឺប្រហែលជាចំនួន ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយបានបង្ហាញពីភាពសប្បាយរីករាយ នៅក្នុងការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី។ សម្តេចធិបតីបានណែនាំឱ្យអាជ្ញាធររាជធានី ធ្វើយ៉ាងណាការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរឱ្យបានល្អ។គិតដល់ថ្ងៃនេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែគត់ តែចំពោះសន្តិសុខសុវត្ថិភាព គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា រដ្ឋបាលរាជធានីបាននិងកំពុងរៀបចំជាបណ្តើរៗថែមទៀត ទី១ យើងរៀបចំ សិល្បៈវប្បធម៌ដែលជាប្រពៃណីជាតិយើង ដើម្បីបង្ហាញអំពីស្នាដៃ និងវប្បធម៌ដ៏ល្អផូផង់ របស់ដូនតាយើង ដែលបន្សល់ទុកឱ្យយើងពីដូនតាមក បង្ហាញដល់យុវជនជំនាន់ក្រោយ អំពីវប្បធម៌របស់យើង ដូចជាល្ខោនបាសាក់ ចាប៉ីដងវែង ចម្រៀងអាយៃ ដែលយើងនឹងខិតខំប្រឹងប្រែងទាក់ទាញដល់អ្នកសិល្បករ ឱ្យមកសម្តែង បង្ហាញនូវសមត្ថភាពរបស់គាត់ ជូនដល់ទស្សនិកជន ។ មានទាំងសៀករហ័សកម្ម របស់ជនបរទេសដែលមិនមានការគ្រោងទុក បានមកលេងជាមួយនិង ប្រជាពលរដ្ឋឈរមើលច្រើនកុះករ។បន្ថែមពីនេះយើងនឹងរៀបចំឱ្យមានការលក់ដូរម្ហូបចំណី បង្អែមប្រពៃណីជាតិ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចង្អុល បង្ហាញដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំផ្លូវថ្មើរជើង ក្រោយរៀបចំបានចប់សព្វគ្រប់យើង នឹងរៀបចំសម្ពោធ និងប្រសិទ្ធនាមផ្លូវថ្មើរជើងរបស់យើង ជូនដល់ប្រជាពលដ្ឋយើងឱ្យបានហៅដូចគ្នា ។ អាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះបន្តទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យបានច្រើនលើសលប់ ដោយធានាឱ្យបានសុវត្ថិភាពជូនទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាមុខរបរអាជីវកម្មរបស់បងប្អូននៅក្នុងតំបន់ឱ្យទទួលបានជោគជ័យ មានជីវភាពកើនឡើងជាលំដាប់ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច