អន្តរជាតិ៖ អ្នកចាត់ការ ទូរទៅក្រុមតោខៀវ លោក Enzo Maresca បាននិយាយថាកីឡាករ Cole Palmer , Noni Madueke និង Nicolas Jackson បានជាសះស្បើយពីរបួសហើយ និងអាចលេងបានសម្រាប់ការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍ជាមួយក្រុម Tottenham Hotspur ។
ការវិលត្រលប់របស់កីឡាករទាំង៣រូបនេះគឺជាកំលាំងប្រយុទ្ធដ៏សំខាន់ក្នុងក្រុមតោខៀវ។ Chelsea ដែលឈរនៅលេខរៀងទី 4 មាន 49 ពិន្ទុក្នុងចំណោម 29 ប្រកួតកំពុងស្ថិតក្នុងការប្រជែងដ៏តឹងតែងមួយសម្រាប់ការបញ្ចប់រដូវកាលយកដំណែងកំពូលទាំង 4 ដោយត្រូវប្រជែងជាមួយ Manchester City , Newcastle United និង Brighton & Hove Albion ។
Palmer ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្រុមតោខៀវនៅរដូវកាលនេះ បានអវត្តមានតាំងពីការបរាជ័យ 1-0 នៅលើទឹកដីក្រុម Arsenal កាលពីថ្ងៃទី 16 ខែមីនា និងការចាប់ផ្តើមយុទ្ធនាការជម្រុះ World Cup របស់អង់គ្លេស ដោយសាររបួសសរសៃពួរ។
ខ្សែបម្រើស្លាប Madueke ត្រូវបានអវត្តមានចំនួន 4 ប្រកួតចុងក្រោយ និងខ្សែប្រយុទ្ធ Jackson អវត្តមាន 5 លើកចុងក្រោយផងដែរជាមួយនឹងរបួសសរសៃពួរ៕
ដោយ៖ ធីរីណា