ព័ត៌មានទាន់ហេតុការណ៍៖

 លោក សរ សុពុត្រា ស្នើឱ្យមានការវិនិយោគកាន់ច្រើននៅក្នុងទឹកដីខេត្តស្ទឹងត្រែង ឈរលើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតកម្ពុជា-វៀតណាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ (វៀតណាម) ដឹកនាំដោយ លោក ជឿង វ៉ាន់ដាត សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត។

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានទទួលស្វាគមន៍សំដែងការគួរសមយ៉ាងកក់ក្តៅបំផុតចំពោះប្រតិភូខេត្តយ៉ាឡាយ ប្រទេសវៀតណាមនៅក្នុងឱកាសជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តស្ទឹងត្រែង។

លោក ជឿង វ៉ាន់ដាត បានផ្តាំផ្ញើសាកសួរសុខទុក្ខថ្នាក់ដឹកនាំទាំងអស់នៃខេត្តស្ទឹងត្រែងនិងចាត់ទុកថាការចូលជួបសំណេះសំណាល សម្តែងការគួរសមនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ បានបង្ហាញពីទំនាក់ទំនងល្អ មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងខេត្តទាំងពីរ។

ជាមួយគ្នានោះ ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់គណៈកម្មការជំនាញរុករកអដ្ឋិធាតុខេត្តស្ទឹងត្រែងដែលមានកិច្ចសហការប្រតិបត្តិការល្អ នៃការរុករកអដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងភាគីវៀតណាមបានជំរុញឱ្យគណៈកម្មការជំនាញនិងភាគីខេត្តស្ទឹងត្រែងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ថែមទៀត ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារK52 ក្នុងការបំពេញភារកិច្ចឱ្យទទួលបានជោគជ័យ។

ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង(កម្ពុជា) នឹងខេត្តយ៉ា ឡាយ(វៀតណាម) គឺឈរលើស្មារតីកិច្ចសហការជាបងប្អូនរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលកន្លងទៅនេះ ថ្នាក់ដឹកនាំ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងបានយកចិត្តទុកដាក់ សហការគា្នទៅវិញទៅមក ទទួលបានលទ្ធផលល្អប្រសើរ ដែលជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ដល់ចំណងសាមគ្គីភាព មិត្តភាពយូរអង្វែងទាំងការងារដឹកនាំ ការអភិវឌ្ឍ ការទំនាក់ទំនង ការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ហើយក្នុងរយៈពេលកន្លងមកនេះ គឺប្រកបដោយស្មារតីជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងគោលជំហរជាមិត្ត ជាបងប្អូនចំពោះគ្នាទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំនិងប្រជាជនខេត្តយ៉ាឡាយ និងបានថ្លែងថា ប្រជាជនកម្ពុជាចងចាំមិនភ្លេចទេជាមួយកងទ័ពស្ម័គ្រចិត្ត និងភាគីវៀតណាម ដែលបានរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ជាមួយគ្នានោះលោកអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត រួមជាមួយគណៈកម្មការជំនាញ នឹងបន្តកិច្ចសហការគ្រប់ជ្រុងជ្រោយក្នុងការរុករកអដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងភាគីវៀតណាមឱ្យបានជោគជ័យ។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការនេះផងដែរ លោកអភិបាលខេត្ត បានស្នើដល់ភាគីវៀតណាមជាប្រតិភូជួយជំរុញឱ្យមានការវិនិយោគកាន់តែច្រើនឡើង ជាពិសេសលើវិស័យកសិកម្មនិងទេសចរណ៍ ស្របជាមួយការប្រកាសវិនិយោគខេត្តភាគឦសានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាឱកាសបើកការលើកលែងជាច្រើន សម្រាប់អ្នកវិនិយោគ៕

ដោយ៖សូរិយា


ចែករំលែក៖