ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចសហការ ចុះពិនិត្យគ្រោងឆ្អឹងមនុស្ស បន្ទាប់ព្រានបណ្ដើរសត្វសុណក់ប្រទះឃើញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនាសៀល ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះថា មានមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធរួមដំណើរដោយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យករណីប្រទះឃើញគ្រោងឆ្អឹងមនុស្ស ដែលគេពុំស្គាល់អត្តសញ្ញាណ ។

ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីប្រទះឃើញគ្រោងឆ្អឹងមនុស្សខាងលើ ត្រង់ចំណុចការដ្ឋានទី០៧ ខាងក្រោយសាលាខ្លាកូន ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។

ប្រភពដដែលឲ្យដឹងទៀតថា ការពិនិត្យជាក់ស្ដែងមុនដំបូងឃើញលលាដ៍ក្បាល និងឆ្អឹងផ្សេងៗនៅរាយប៉ាយលើដី ថែមទាំងឃើញសក់វែងសង្ស័យអាចជាមនុស្សស្រី ប៉ុន្តែពុំទាន់មានប្រភពណាមួយបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះនៅឡើយនោះទេ ។

ប្រភពរាយការណ៍បញ្ជាក់បន្ថែមទៀតថា ឈ្មោះ ម៉ុន ចាន់ធឿន ភេទប្រុស អាយុ ២៧ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅតំបន់នោះ ស្ថិតនៅភូមិ.ឃុំកើតហេតុ បានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីល្ងាចមុនថ្ងៃសមត្ថកិច្ចចុះពិនិត្យ១ថ្ងៃ ខ្លួនបានបណ្ដើរសត្វសុណក់(ឆ្កែ)ចំនួន០៧ក្បាលដើម្បីរកសត្វដែលមានចម្ងាយប្រមាណ១៥០០ម៉ែត្រពីផ្ទះ ខណៈនោះលឺសម្លេងឆ្កែរបស់គាត់កោះ(ព្រុះ)ខ្លួនក៍ដើរទៅកន្លែងឆ្កែព្រុះ ស្រាប់តែឃើំញលលាដ៍ក្បាល និងឆ្អឹងមនុស្សបែបនេះ ចំណុចនេះមានគេឆ្ងល់ដែរថា ខ្មែរឥស្លាមដូចជាមិនសូវត្រូវរ៉ូវជាមួយសត្វ(ឆ្កែ)ហេតុអ្វី ? បន្ទាប់ឃើញលលាដ៍ និងគ្រោងឆ្អឹងមនុស្សបែនេះ ខ្លួនបានត្រឡប់មកផ្ទះវិញ និងប្រាប់គេឯង ទើបផ្អើលឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។

ប្រភពបញ្ជាក់ថា បច្ចុប្បន្ន ឆ្អឹងទាំងអស់បានប្រគល់ជូនអាជ្ញាធរភូមិ និងមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ដើម្បីបញ្ចុះតាមប្រពៃណី តាមបញ្ជាលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិសាត់ ៕

ដោយៈ ប៉ឹម ពិន


ចែករំលែក៖