ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aaron Boupendza ស្លាប់ដោយសារធ្លាក់ពីលើអគារជាន់ទី 11

ចែករំលែក៖

អតីតកីឡាករអន្តរជាតិហ្គាបុង(Gabon)  Aaron Boupendza បានទទួលមរណភាពក្នុងអាយុ 28 ឆ្នាំ បន្ទាប់ពីធ្លាក់ពីលើអគារជាន់ទី 11 ក្នុងប្រទេសចិន។

ខ្សែប្រយុទ្ធដែលធ្លាប់លេងឱ្យក្លឹប FC Cincinnatiនៅសហរដ្ឋអាមេរិក និងក្លឹបរ៉ូម៉ានី Rapid București បានចូលរួមជាមួយក្លឹប Zhejiang FC របស់ចិន Super League កាលពីដើមឆ្នាំនេះ។

អាជ្ញាធរបានបញ្ជាក់ថា «បន្ទាប់ពីការស៊ើបអង្កេតនៅនឹងកន្លែង ការចុះសួរសុខទុក្ខ និងសម្ភាសន៍ភាគីពាក់ព័ន្ធដោយមន្ត្រីសន្តិសុខសាធារណៈ និងពិនិត្យវីដេអូតាមដាន បានរកឃើញថា គាត់បានស្លាប់បន្ទាប់ពីធ្លាក់ពីលើយ៉រនៃផ្ទះជួលរបស់គាត់ មិនមែនករណីព្រហ្មទណ្ឌទេ»។ចំណែកក្លឹបZhejiang FC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងសហការយ៉ាងពេញលេញជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត។

ប្រធានាធិបតីបណ្ដោះអាសន្នហ្គាបុង លោក Brice Clotaire Oligui Nguema បាននិយាយនៅលើ បណ្តាញសង្គម X ថា “វាពិតជាសោកស្ដាយជាខ្លាំង ដែលខ្ញុំបានដឹងពីសោកនាដកម្មរបស់ Aaron Boupendza ដែលជាខ្សែប្រយុទ្ធដ៏មានទេពកោសល្យ ដែលបាននាំមកនូវកិត្តិយសដល់កីឡាបាល់ទាត់ ហ្គាបុង ។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់គាត់។ សូមព្រះប្រទានពរដល់ព្រលឹងគាត់”។

ដោយ៖ធីរីណា


ចែករំលែក៖