ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាកម្មករនិយោជិត មិនត្រូវស្ដាប់តាមការញុះញង់ពីភាគីទី៣?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពាក់ព័ន្ធបញ្ហាជម្លោះការងារកន្លងមក យើងសង្កេតឃើញថា តែងតែមានតួអង្គទីបីចេញមកញុះញង់ដើម្បីធ្វើបាតុកម្មតវ៉ាទាមទារបិទផ្លូវជាដើម ដែលសកម្មភាពទាំងនេះអាចធ្លាក់ចូលក្នុងអន្ទាក់នយោបាយរបស់ក្រុមណាមួយ។

នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាអង្គការវិជ្ជាជីវៈត្រូវធ្វើតាមច្បាប់និងចូលរួមដោះស្រាយបញ្ហានានាស្របតាមនីតិវិធីច្បាប់ ហើយជាពិសេសមិនត្រូវលូកដៃធ្វើឲ្យជាប់គាំងក្នុងការដោះស្រាយបញ្ហានោះឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់កម្មករនិយោជិតកុំឲ្យស្ដាប់អ្នកទីបីដែលចាំតែញុះញង់បង្កចលាចល ស្របពេលដែលទាំងភាគីនិយោជិត និងនិយោជកទទួលយកដំណោះស្រាយហើយ ដែលការជឿតាមការញុះញង់នេះ ចុងក្រោយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិតផ្ទាល់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលប្រៀបបីដូចជាឪពុកម្ដាយដូច្នោះដែរ នៅពេលដែលឃើញរោងចក្រ មានការរីកធំធាត់ចំនួនកម្មករនិយោជិតមានការកើនឡើង រាជរដ្ឋាភិបាលតែងញញឹមសប្បាយរីករាយផងដែរ។

សម្តេចធិបតី ដោយបានចោទជាសំណួរមួយចំនួន ដើម្បីបងប្អូនប្រជាពលរដ្ឋ កម្មករ និងយោជិតពិចារណា អំពីទង្វើរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំង ដែលមិនបានអ្វីសោះសម្រាប់ជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជា ផ្ទុយទៅវិញ ថែមទាំងអំពាវនាវមិនឱ្យគេមកវិនិយោគនៅកម្ពុជា។

សម្តេចបានថ្លែងដូច្នេះថា «សួរថាពីពេលដែលគាត់ នៅជាសមាជិកសភាពេលនោះ មានទៅទាក់ទាញវិនិយោគមកទេ? យើងមិនមែនជាការងារផ្តាច់មុខនោះទេ ហើយសិទ្ធិសេរីភាពក្នុងការការពារអត្ថប្រយោជន៍ប្រជាពលរដ្ឋ ក៏មិនមែនជាកាតព្វកិច្ច និងសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលនោះដែរទេ តាំងតែពីរដ្ឋាភិបាលអាមេរិកប្រកាសដាក់ពន្ធ ថ្ងៃទី២ មេសា មកដល់ម៉ោងនេះ យើងមានតំណាងសហជីព សហព័ន្ធ សរសរសំបុត្រសុំឱ្យអាមេរិក គិតគូរពីផលប្រយោជន៍របស់បងប្អូនរបស់យើង ក្រុមហ៊ុនអាមេរិក សភាពាណិជ្ជកម្មអាមេរិក សុទ្ធតែខំប្រឹងទាំងអស់គ្នា ធ្វើបាន មិនបាន មិនសំខាន់ សំខាន់មានទឹកចិត្ត»។

សម្តេចមហាបវរធបិតី ហ៊ុន ម៉ាណែត បានថ្លែងលើកបង្ហាញបទពិសោធន៍ ប្រទេសនានាថា ពេលមានបញ្ហា ពិសេសបញ្ហាពន្ធអាមេរិក ទាំងអ្នកនយោបាយដឹកនាំរាជរដ្ឋាភិបាល និងបក្សនយោបាយជំទាស់តែងតែរួមគ្នាដោះស្រាយបញ្ហារបស់ជាតិ។ ផ្ទុយពីកម្ពុជា អ្នកនយោបាយប្រឆាំងកេងចំណេញ រកការចំណេញផ្នែកនយោបាយគ្រប់បញ្ហា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិចារណាឱ្យបានច្បាស់ តើនរណានៅជាមួយបងប្អូន និងការពារផលប្រយោជន៍បងប្អូន គឺច្បាស់ណាស់ មានតែរាជរដ្ឋាភិបាលប៉ុណ្ណោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖