លោក Xi Jinping សារព័ត៌មាន Reuters បានផ្សាយថា ក្រសួងការបរទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៥ ខែកក្កដានេះថា រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានជួបប្រធានាធិបតី លោក Xi Jinping ខណៈកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃអង្គការសហប្រតិបត្តិការស៊ាងហៃ (SCO)។ តាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រនៃក្រសួង លោក Lavrov បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជូនចំពោះលោក Xi ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា លោក Lavrov និងលោក Xi បានពិភាក្សាអំពីបញ្ហាមួយចំនួន ទាក់ទងនឹងទំនាក់ទំនងនយោបាយទ្វេភាគី រួមទាំងការត្រៀមលក្ខណៈ សម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខ របស់ប្រធានាធិបតីរុស្ស៉ី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ប្រសិនបើមិនមានការប្រែប្រួលទេ លោក ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃ SCO ជួបពិភាក្សាជាមួយលោក Xi និងចូលរួមពិធីនានាផ្សេងទៀត នៅថ្ងៃទី៣ ខែកញ្ញា ដើម្បីរំលឹកខួបនៃជ័យជំនះលើប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ៕

ដោយ៖ធិរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច