ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ត បុករបងផ្ទះប្រជាពលរដ្ឋ បង្កការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្ត ក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតកាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លើផ្លូវលេខ ៩០៧ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីទីតាំងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ មានបុរសម្នាក់ បើកបររថយន្ត ម៉ាកKIA CARNIVAL ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AL-3331 តាមបណ្តោយផ្លូវលេខ៩០៧ ទៅដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅផ្នែកខាងស្តាំ បណ្តាលឲ្យបុករះគ្រឿងសម្ភារនៅខាងមុខបរិវេណផ្ទះប្រជាពលរដ្ឋ និងខ្ទាតថ្ម ទៅចំកញ្ចក់ទ្វារ បណ្តាលឲ្យបែកកញ្ចក់ចំនួន០២ផ្ទាំងថែមទៀត ។ អ្នកឃើញហេតុការណ៍បានបន្តទៀតថាភ្លាមៗនោះរថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តបុករះចំផើងផ្កា រៀនទេវតា និងសម្ភារផ្សេងទៀត តែសំណាងល្អ មិនប៉ះចំរថយន្ត១គ្រឿងទៀត ដែលចតនៅមុខផ្ទះឡើយ ។

ករណីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែរថយន្តត្រូវបានរងការខូចខាតផ្នែកខាងមុខមិនអាចបន្តដំណើរទៅមុខទៀតបាន ខណ:ម្ចាស់រថយន្តបើកបរក្នុងស្ថានភាពស្រវឹង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទុកអោយភាគីខាងរថយន្តធ្វើការដោះស្រាយសិន តែការដោះស្រាយមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កនិងអ្នកបើកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕

ដោយ ៖សុខាសែនជ័យ


ចែករំលែក៖