ព័ត៌មានទាន់ហេតុការណ៍៖

របាយការណ៍ BBC៖ ថៃលែងជាប់ក្នុងបញ្ជី «២០គោលដៅទេសចរណ៍ដ៏ល្អបំផុត ឆ្នាំ២០២៦», ខណៈជំនួសវិញដោយរាជធានីភ្នំពេញ របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នេះបើតាមការផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។ នោះគឺថៃ ដែលជាប្រទេសធ្លាប់ជាប់ចំណាត់ថ្នាក់ ក្នុងបញ្ជីគោលដៅទេសចរណ៍ពិភពលោកអស់ពេលដ៏យូរ មិនជាប់ក្នុងបញ្ជី «គោលដៅទេសចរណ៍ដ៏ល្អបំផុត ចំនួន២០ សម្រាប់ឆ្នាំ២០២៦» របស់បណ្តាញព័ត៌មានខ្នាតយក្ស BBC នោះទេ។ នេះជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ការធ្វើដំណើរកម្សាន្តនៅអាស៉ីអាគ្នេយ៍។ ប៉ុន្តែផ្ទុយមកវិញ ចំណាត់ថ្នាក់ទាំង២០ គឺប្រទេសថៃត្រូវបានជំនួសដោយកម្ពុជា ខណៈរាជធានីភ្នំពេញ ក្លាយជាទីតាំងដ៏ទាក់ទាញ។

សេចក្តីប្រកាសព័ត៌មាន ដែលបានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា បញ្ជីនៃការធ្វើដំណើរប្រចាំឆ្នាំរបស់ BBC បានបង្ហាញពីហេតុផលដែលគោលដៅនានា មានលក្ខណៈពិសេស។ ឆ្នាំនេះ BBC បានផ្តោតវាយតម្លៃទីក្រុងនានា លើសពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទីតាំងកម្សាន្តដ៏អស្ចារ្យទៅទៀត។

អវត្តមានរបស់ប្រទេសថៃ នៅក្នុងបញ្ជីឆ្នាំ២០២៦ របស់ BBC បង្កជាការភ្ញាក់ផ្អើល ដោយសារកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់ថៃ ជាមហាអំណាចទេសចរណ៍។ យ៉ាងណាក៏ដោយ រាជធានីភ្នំពេញ ត្រូវបាន BBC ពណ៌នាថាជា «ការកែលម្អដ៏សំខាន់»។ នៅពេលដែលអ្នកដំណើរជាច្រើនធ្លាប់មើលរំលងនោះ រាជធានីរបស់កម្ពុជាឥឡូវនេះត្រូវបានទទួលស្គាល់ថាជាទីក្រុង ដែលមានទាក់ទាញអ្នកទេសចរ និងចក្ខុវិស័យច្បាស់លាស់។

គន្លឹះដ៏សំខាន់នៃបរិវត្តកម្មនេះ គឺអាកាសយយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងដ៏ធំបំផុតមិនធ្លាប់មានរបស់កម្ពុជា។ ជាមួយនឹងការរចនាដ៏អស្ចារ្យសម្រាប់អនាគត និងព្រះពុទ្ធបដិមាប្រាក់យ៉ាងធំទាក់ភ្នែកនោះ អាកាសយានដ្ឋាននេះ បានក្លាយជាទីតាំងទទួលអ្នកដំណើរមកពីទូទាំងពិភពលោក។

រាជធានីភ្នំពេញ បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ រឿងមួយនោះ ការខិតខំកាត់បន្ថយការកកស្ទះចរាចរណ៍ នាំឲ្យងាយដើរកម្សាន្ត សម្រាប់ជីវិតប្រចាំថ្ងៃ។ ជាមួយគ្នានេះ មានផ្លូវថ្មើរជើងចតុមុខ ស្ថិតនៅតាមមាត់ទន្លេ ក្លាយជាទីតាំងដ៏ពេញនិយមប្រចាំសប្តាហ៍ ពោរពេញដោយអាហារ ការលក់សម្ភារៈហត្ថកម្ម និងការសម្តែងនានា។ ទីក្រុងនេះក៏មានអ្នករត់កង់បីអគ្គិសនី ជួយឲ្យអ្នកទេសចរដើរលេងក្នុងរាជធានីយ៉ាងងាយស្រួល។

ក្រុមមនុស្ស «Gen Z» ជាផ្នែកមួយដ៏សំខាន់។ យុវជននៅកម្ពុជា ចូលចិត្តផលិផលក្នុងស្រុក ចូលហាងកាហ្វេទាន់សម័យ និងមានមោទនភាពនៃស្ថាបត្យកម្មរបស់ទីក្រុង ជាពិសេស «ស្ថាបត្យកម្មខ្មែរថ្មី» បែបទំនើបរបស់ស្ថាបត្យករដ៏ល្បីល្បាញ វណ្ណ ម៉ូលីវណ្ណ។

BBC ក៏មានអះអាងថា ទោះបីជាមានភាពតានតឹងនៅតាមព្រំដែន ក៏តំបន់ទេសចរណ៍នៅតាមទីក្រុង មិនរងផលប៉ះពាល់ទេ៕

ដោយ៖តារា


ចែករំលែក៖