ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិន៣នាក់ ដែលជាជនដៃដល់ក្នុងករណីចាប់បង្ខាំង និងធ្វើទារុណកម្មជំរិតទារប្រាក់ដែលមានអង្គការចាត់តាំង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងក្រុមចាប់បង្ខាំង និងធ្វើទារុណកម្មចាប់ជំរិតទារប្រាក់ ដែលមានអង្គការចាត់តាំង ហើយធ្លាប់ធ្វើសកម្មភាពជាច្រើនករណីកន្លងមកដោយ។ ប្រតិបត្តិការស្រាវជ្រាវបំបែកសំណុំរឿងនេះ បានចាប់ខ្លួនមនុស្ស៣នាក់ ជាជនជាតិចិន (ម្នាក់មានសញ្ជាតិខ្មែរ ដែលជាអ្នកផ្សំគំនិត)។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាអ្នកដឹកនាំបញ្ជាប្រតិបត្តិការផ្ទាល់ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញរួមមាន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យដើម្បីធ្វើការស្រាវជ្រាវនៅទីតាំងសង្ស័យ មានករណីបង្ខាំងជំរិតទារប្រាក់ នៅបន្ទប់លេខ៣៩-១០ ជាន់ទី៣៩, បន្ទប់លេខ៤០-០៩ ជាន់ទី៤០ សណ្ឋាគារ ហ័រ ហួយ គ័ន ស៊ី ជាន ថាង ហូថែល ឯ.ក ស្ថិតក្នុងអគារ ហ័រសាន អន្តរជាតិ ផ្លូវបើកថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញជនរងគ្រោះឈ្មោះ LIANG TAO ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន (រងរបួសធ្ងន់) ក្នុងបរិវេណសណ្ឋាគារខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិចិន សញ្ជាតិខ្មែរ។ សមត្ថកិច្ចរកឃើញវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុបន្ទប់លេខ ៤០-០៩ ជាន់ទី៤០ រួមមាន៖ ឧបករណ៍សម្រាប់ឆក់ ពណ៌ខ្មៅ ចំនួន១គ្រឿង និងកំរាលតុ ពណ៌ប្រផេះ ចំនួន១កំរាល (ប្រើប្រាស់សម្រាប់គ្របបាំងមុខជនរងគ្រោះ) ដកមកឧបករណ៍សម្ភារៈ និងបញ្ជូនខ្លួនមនុស្សចំនួន២នាក់ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។

ក្រោយមកសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ ស្វែងរកឃើញអត្តសញ្ញាណជនសង្ស័យដែលបានរត់គេចខ្លួនចំនួន២នាក់ (ជនដៃដល់) ទី១៖ ឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន និងទី២៖ ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន និងឃាត់ជនសង្ស័យ ចំនួន១នាក់ខាងលើ នាំខ្លួនមកកាន់ស្នងការដ្ឋានដ្ឋាននគរបាលរាជធានី។

លោកស្នងការ បន្ដថា យោងវត្ថុតាងដែលបានដកហូតពីកន្លែងកើតហេតុ លទ្ធផលស្រាវជ្រាវត្រួតពិនិត្យ និងតាមការស្តាប់ចម្លើយសមត្ថកិច្ចការឃាត់ខ្លួនមនុស្សចំនួន៣នាក់ បញ្ជូនទៅតុលាការ រួមមាន៖

ទី១៖ ឈ្មោះ ម៉ា ជីវ៉ៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ (អ្នកផ្សំគំនិត) ឃាត់បាននៅនឹងកន្លែង

ទី២៖ ឈ្មោះ CHEN XIANGLIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន (ជនដៃដល់) ឃាត់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានព្យាយាមលួចរត់ចេញទៅក្រៅប្រទេស

ទី៣៖ ឈ្មោះ FU DONGDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន (ជនដៃដល់) ឃាត់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានព្យាយាមលួចរត់ចេញទៅក្រៅប្រទេស។

ជនសង្ស័យទាំង៣នាក់ បានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ប្រាកដមែន។ ក្នុងចំណោបក្ខពួកខាងលើ គឺនៅសល់បក្ខពួកមួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត។ ក្រុមជនសង្ស័យខាងលើបានរៀបចំគម្រោងផែនការគិតទុកជាមុន ដោយជនសង្ស័យឈ្មោះ CHEN XIANGLIANG បានណាត់ ជនរងគ្រោះមកជួបនៅបន្ទប់លេខ ៣៩-១០ដែលជាបន្ទប់បានកក់ទុករួច សម្រាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ពីជនរងគ្រោះឈ្មោះ LIANG TAO ហើយជនសង្ស័យឈ្មោះ ម៉ា ជីវ៉ៃ, FU DONGDONG និងបក្ខពួក រង់ចាំនៅក្នុងបន្ទប់លេខ ៣៩-១០ ជាមុន។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានអំពាវនាវដល់ជនរងគ្រោះផ្សេងទៀត មកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមកំចាត់ក្រុមឧក្រិដ្ឋជនខាងលើនេះ សំដៅធានាសុខសុវត្ថិភាព សណ្ដាប់ធ្នាបជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ៕

ដោយ៖តារា


ចែករំលែក៖